មនី្ទរសុខាភិបាលខេត្តឧត្តរមានជ័យ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារ សម្រាកព្យាបាលជំងឺ

AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០–

នៅមនី្ទរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលជំងឺ ក្រោមអធិបតីភាពឯកឧត្តម​ ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់លអាវុធ យាយជី តាជី បុគ្គលិកមន្ទីរសុខាភិបាល និងមន្ទីរពេទ្យ ប្រមាណជាង ២០០នាក់ ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ក្នុងអំឡុងពេលមុនឆ្នាំ២០០០ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ត្រូវបានគ្រប់គ្រងដោយមន្ទីរពេទ្យយោធា(កងទ័ពជើងគោក) ។ បន្ទាប់ពីបានជួសជុលឡើងវិញដោយអង្គការAARJ មន្ទីរពេទ្យត្រូវបានសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០០ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្អែកតាមផែនការគ្របដណ្តប់ សុខាភិបាល២០២០ មន្ទីរពេទ្យខេត្តជាមន្ទីរពេទ្យមួយក្នុងចំណោម មន្ទីរពេទ្យទាំង២ នៃប្រព័ន្ធសុខាភិបាលដែលគ្របដណ្តប់ ប្រជាជនសរុបជាង ២៥៤.១៤១នាក់ មន្ទីរពេទ្យមានផ្ទៃដី ១៨.៧៤១ម៉ែត្រក្រឡា មានអគារចំនួន៨ គ្រែ៨៤ (គ្រែរបេង២០) ជាមន្ទីរពេទ្យកម្រិត CPA2 ដែលមានការផ្តល់សេវាផ្នែកសង្គ្រោះបន្ទាន់ វះកាត់ធំ ផ្នែកជំងឺមនុស្សចាស់ ផ្នែកជំងឺកុមារ ផ្នែកសម្ភព រោគស្ត្រី និងសេវាពិនិត្យព្យាបាលជំងឺធ្ងន់ៗជាច្រើនទៀត ហើយក៏ជាមូលដ្ឋានមួយដែលមានផ្តល់សេវា CEmONC និងកំពុងទទួលអនុវត្តន៍ គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដែលហៅថា H.EQIP ។

ចំពោះធនធានមនុស្សលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មន្ទីរពេទ្យនេះមានបុគ្គលិក ៩៨នាក់ ដែលក្នុងនោះមានវេជ្ជបណ្ឌិត និងគ្រូពេទ្យមធ្យមចំនួន១៣នាក់ ស្រ្តី២នាក់ ទន្តបណ្ឌិត ១នាក់ ឱសថការី ៣នាក់ ឆ្មប១០នាក់ គិលានុបដ្ឋាក គិលានុបដ្ឋាយិការ៣៣នាក់ បច្ចេកទេសមន្ទីរពិសោធន៍ ៤នាក់ វិទ្យុសាស្ត្រ១នាក់ រដ្ឋបាល គណនេយ្យ ព័ត៌មានវិទ្យា ៣នាក់ និងមន្ត្រីកិច្ចសន្យាចំនួន ៣០នាក់ ។

លោកបានបន្តថា ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការជាក់ស្តែងនៅមូលដ្ឋានផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ មន្ទីរបានទទួលការសាងសង់អគារថ្មីនៃមន្ទីរពេទ្យខេត្ត ក្នុងគម្រោង H.EQIP មានទំហំ ៣៣ម៉ែត្រគុណ៤២ម៉ែត្រ សរុបជាទឹកប្រាក់ប្រមាណ ១.៧៤៩.២៩៦ដុល្លារអាម៉េរិក ដែលកំពុងតែរៀបចំបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ ។

ចំពោះគម្រោងសាងសង់ត្រូវទទួលម៉ៅការដោយក្រុមហ៊ុន Y_ VANService Co.LTD ដែលមានរយៈពេលសាងសង់ ១៦ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលានេះតទៅ ។ អគារនេះមានកម្ពស់២ជាន់ស្តង់ដារមន្ទីរពេទ្យកម្រិត៣ មាន១៧០គ្រែ និងបំពាក់សម្ភារ បរិក្ខារមួយចំនួនទៀត ។ ចំពោះក្រុមហ៊ុនសាងសង់ត្រូវបានអនុវត្តន៍តាមបទដ្ឋានស្តង់ដារបច្ចេកទេស ដោយរាប់បញ្ចូលនូវការទទួលខុសត្រូវក្នុងការរៀបចំប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង លូបង្ហូរកាកសំណល់ និងកែលម្អផលប៉ះពាល់បរិស្ថាននានាផងដែរ ។ អគារនេះនឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវា វះកាត់ធំ សម្ភព និងរោគស្ត្រី បន្ទប់សម្រាកព្យាបាលមនុស្សចាស់ កុមារ សេវាឯកទេសផ្សេងៗទៀត ដូចជា សេវាព្យាបាលធ្មេញ ព្យាបាលភ្នែក បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់មន្ទីរពិសោធន៍ បន្ទប់ថតឆ្លុះ និងមានបន្ទប់សម្រាប់ប្រជុំ តូច និងធំទៀតផង ។

ឯកឧត្តម ប៉ែន កុសល្យ បានសម្ដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យទាំងអស់ដែលបានលះបង់ និងបម្រើសេវាសុខភាពដល់ប្រជាពលរដ្ឋរបស់យើង បើទោះបីក្នុងកាលៈទេសៈមួយដ៏លំបាកយ៉ាងណាក៏ដោយ។ ឥឡូវនេះដោយសារតែការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសម្តេចតែងគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋរបស់យើង។ ជាពិសេសគឺខេត្តដែលនៅតំបន់ឆ្ងាយៗដូចជា ខេត្តឧត្តរមានជ័យជាដើម ថ្វីត្បិតតែមិនបានគ្រប់គ្រាន់តាមតម្រូវការរបស់យើងភ្លាមៗ ក៏ប៉ុន្តែពី១ឆ្នាំទៅ១ឆ្នាំគឺយើងបានកសាងជាបន្តបន្ទាប់ ទៅតាមអ្វីដែលជាលទ្ធភាពរបស់យើង ហើយពេលនេះគឺយើងទទួលបានអគារយ៉ាងល្អប្រណិត១ទៀតហើយ។ ដូច្នេះវាក៏អាចចូលរួមដោះស្រាយនូវទុក្ខលំបាករបស់យើងបានច្រើនផងដែរ ជាបន្តបន្ទាប់ទៀតយើងនូវតែគិតគូរពីទំហំនៃតម្រូវការរបស់ប្រជាពលរដ្ឋយើងតទៅទៀត ពីព្រោះថា ប្រជាពលរដ្ឋរបស់យើងនៅតែមានការកើនឡើង ដូច្នេះយើងក៏ត្រូវតែមានផែនការទុកបម្រុងផងដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់បន្តខិតខំការងាររបស់ខ្លួន ដោយគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឱ្យស័ក្ដិសមជាគ្រូពេទ្យដ៏ល្អ ដើម្បីជួយអាយុជីវិតប្រជាពលរដ្ឋរបស់យើង ។ សម្រាប់ក្រុមជាងដែលទទួលបាននូវការម៉ៅការសាងសង់ គឺត្រូវយ៉ាងណាឱ្យសំណង់របស់យើងបានរឹងមាំ និងអនុវត្តន៍ទៅតាមកិច្ចសន្យាឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យសំណង់មានបញ្ហាទៅថ្ងៃក្រោយៗ និងខិតខំគោរពទៅតាមស្តង់ដារបទដ្ឋានបច្ចេកទេសរបស់យើង ។ ឯកឧត្តមក៏បានចែកអំណោយដល់អ្នកជំងឺចំនួន១០០នាក់ផងដែរ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកា ២ម៉ឺនរៀល ៕ ដោយ​៖ទិត ស្រ៊