អភិបាលខេត្ត ចូលរួមដាំកូនឈើចំនួន ៧០០ដើម តាមដងផ្លូវជាតិលេខ ៦A ក្នុងស្រុកមុខកំពូល

AKP កណ្តាល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដាំកូនឈើចំនួន ៧០០ដើម ដែលទទួលបានពីការជួយឧបត្ថម្ភរបស់រដ្ឋបាលព្រៃឈើកណ្តាល យកមកដាំតាមដងផ្លូវជាតិលេខ ៦A ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភណភាព បង្កើតម្លប់ពណ៌បៃតងនៅតាមដងផ្លូវជាតាមដងផ្កូវ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា តាមរយៈការបើកយុទ្ធនាការដាំដើមឈើជាកូនក្ងោកចំនួន ៧០០ដើមនេះ ក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ឃុំឫស្សីជ្រោយ និងឃុំព្រែកដំបង ស្រុកមុខកំពូល ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភណ ភាព បង្កើតម្លប់ពណ៌បៃតងនៅតាមដងផ្លូវជាតិ ។

ជមួយគ្ននេះយើងក៏បានត្រៀមកូនឈើចំនួន ១.៥០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានមកចូលរួមនាពេលនេះ យកទៅដាំតាមគេហដ្ឋានរៀងៗខ្លួន ដែលកូនឈើចម្រុះទាំងនោះរួមមាន៖ ប្រភេទកូនដើមក្ងោក បេង ក្រញូង ធ្នង គគីរ ឈើទាល និងដើមខ្នុរ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស ហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ។ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និង ជីវចម្រុះ សំខាន់ទៀតនោះព្រៃឈើមានការទំនាក់ទំនងច្រើនទៅនឹងវិស័យកសិកម្ម ។

ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំកូនឈើដែលបានដាំហើយនៅពេលនេះ ព្រោះថា នៅក្នុងរយៈពេលពី ៤ ទៅ ៥ឆ្នាំ ខាងមុខទៀត សង្ឃឹមថា តាមដងផ្លូវជាតិនៃស្រុកមុខកំពូលពេញទៅដោយដើឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់អំពី ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត លាងដៃជាមួយអាល់កុល ឬសាប៊ូ ឱ្យបានជាប្រចាំពេលធ្វើ ពេលធ្វើដំណើរតាមផ្លូវ និងនៅទីប្រជុំជនត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)