អភិបាល​ខេត្តកំពត ជំរុញ​ដល់​ក្រុមហ៊ុន​ជា​លើក​ទី​២ ឱ្យ​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ឱ្យបាន​ឆាប់រហ័ស​បំផុត​

AKP កំពត ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០
​ដោយ​មើលឃើញថា ការសាងសង់​ផ្លូវ​បេតុង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ចំណុច ផ្លូវ​រថភ្លើង​ក្រុង​កំពត មកដល់​ភ្លើងស្តុប​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត មានការ​យឺតយ៉ាវ​បង្ក​ឱ្យ កកស្ទះ​ពិបាក​ធ្វើដំណើរ និង​ប៉ះពាល់​ដល់​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ​នោះ ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​ចុះទៅ​ជំរុញ​ដល់​ក្រុមហ៊ុន​ជា​លើក​ទី​២ ឱ្យ​ព​ន្លឿ​ន​ការ​សាង សង់​ឱ្យ​រួចរាល់​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ​ប្រកបដោយ​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​លើកឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​ថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣​ចាប់ពី​ភ្លើងស្តុប​ផ្លូវបំបែក​ផ្សារ​សាមគ្គី​ទី​រួម ខេត្តកំពត ទៅដល់​ផ្លូវ​រថភ្លើង គឺជា​គម្រោង​ផ្លូវ​បេតុង​សរសៃដែក មាន​ប្រវែង ១១០០​ម៉ែត្រ ទទឹង ១២,៨​ម៉ែត្រ កម្រាស់ ២,៤​តឹក (០,២៤​ម៉ែត្រ​) ដាំ​ដើមឈើ​សងខាង​ផ្លូវ​រៀបចំ​ខឿន​ការ៉ូឡា អម​សងខាង​ផ្លូវ​ប្រវែង​២​ម៉ែត្រ​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានស្នើ​ដល់​ក្រុមហ៊ុន ឱ្យមាន​ការដាក់​ប្រព័ន្ធ​លូ​ឱ្យ​រួចរាល់ ហើយ​ស្របគ្នា​នឹង​ការសាងសង់​ផ្លូវ​នេះដែរ​ដោយ ធ្វើយ៉ាងណា​ក៏ដោយ​ត្រូវ​សាងសង់​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​១​ខែ​ទៀត​៕ ដោយ ប្រាក់ លាង​