កម្ពុជា និងជប៉ុន ចុះហត្ថលេខាអនុស្សរណៈ ស្តីពី ការអភិវឌ្ឍបន្លែសុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

អនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Yamato Green Co., Ltdរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម ដោយមានការចូលរួមរបស់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

នៅលើផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងពីគោ លបំណងសំខាន់ៗនៃឯកសារអនុស្សរណៈនោះរួមមានទី១.ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។ ទី២. ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍លើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យពីប្រទេសជប៉ុន។ ទី៣.ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយតបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។ ទី៤. លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ព្រឹត្តិការណ៍នាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រនិងជួយឧបត្ថម្ភទាំងធនធានថវិកានិងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ ផលិតកម្មបន្លែកម្ពុជាឱ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការ ចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង គោលបំណងសំខាន់ៗទាំង៤នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជា ក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។

ឯកឧត្ដមបានបន្ដថា ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ” វិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ឯកសារ MOU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡា ក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការ ដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា គម្រោងវិនិយោគនេះ នឹងធ្វើឱ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឱ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញ ក្រោមស្លាកសញ្ញា ” Product of Cambodia” ហើយនេះគឺជាមោទនភាពជាតិយើង។

លោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន ក្នុងនាមឱ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោង បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែ ទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តន៍នៅកម្ពុជាដើម្បីលើកកម្ពស់ផលិត ភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ។

លោកបាន បន្ថែមថា ពិតណាស់កសិករជាអ្នកផលិត គឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅ សម្រេចជោគជ័យតាមផែនការនេះ៕ ដោយ៖ជឹម ណារី