និសិ្សតកម្ពុជាចំនួនជិត៦០០នាក់ ធ្វើដំណើរត្រឡប់ទៅបន្តការសិក្សានៅប្រទស​វៀតណាម​វិញ ក្រោយពីឈប់សម្រាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

និស្សិតកម្ពុជាចំនួនជិត៦០០នាក់ បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែងដោយបានវិល​ត្រឡប់ទៅ​បន្តការសិក្សា​វិញនៅប្រទេសវៀតណាម ក្រោយពីឈប់សម្រាកដោយសារការ រីករាលដាលនៃជំងឺកូវីដ-១៩។ ការវិលត្រឡប់ទៅបន្ដការសិក្សារបស់និស្សិតកម្ពុជា នេះធ្វើឡើង នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។

បន្ទាប់ពីមានការសម្របសម្រួលឱ្យនិសិ្សតកម្ពុជាបានវិលត្រឡប់ទៅបន្តការសិក្សានេះ ត្រូវបានរៀបចំឡើងក្រោយជំនួបពិភាក្សាតាម online រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម Nguyen Phu Trong  អគ្គលេខា​ធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​កាលពី​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសវៀតណាម មន្ត្រីការបរទេសវៀតណាម និងសហព័ន្ធយុវជនវៀតណាមខេត្ត តាយ នីញ បានអញ្ជើញមកទទួល និងសម្រួលដល់ការធ្វើដំណើររបស់និសិ្សតកម្ពុជា។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២០នេះ មាននិសិ្សតកម្ពុជាចំនួន៤,០០០​នាក់ ដែលបានសិក្សានៅប្រទេសវៀតណាម ក្នុងនោះមាន៨០០នាក់​ទទួលបានអាហារូបករណ៍​ពីរដ្ឋាភិបាលវៀតណាម៕ ដោយ៖ហេង ណាលីន