សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បង្ហាញសមាសភាពក្រុមជម្រើសជាតិ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបង្ហាញសមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមបើករដូវកាលហ្វឹកហាត់ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តទៅ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា ការជួបជុំបង្ហាញសមាសភាពកីឡាករ កីឡាការរិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុងនេះ រួមមាន៖ ត្រៀមបើករដូវកាលហ្វឹកហាត់ថ្មីរបស់ក្រុមជម្រើសជាតិឈុតធំដែលមានចំនួន០៨នាក់ ក្នុងនោះកីឡាការិនីម្នាក់។

លោកបានបន្ដថា ឆ្នាំថ្មីនេះមានការផ្លាស់ប្តូរកីឡាករ០២រូប ដោយបានជ្រើសរើសចេញពីក្រុមយុវជន០២រូប ដែលជាប់ការធ្វើតេស្តក្នុងចំណោម១០រូប ឱ្យចូលក្នុងក្រុមជម្រើសជាតិឈុតធំ។ ចំពោះការជួបជុំត្រូវបានបែងចែកម៉ោងពេលហ្វឹកហាត់ ជា២ពេលក្នុង១ថ្ងៃៗ គឺព្រឹក ម៉ោង ៦ដល់ម៉ោង៨ព្រឹក និងពេលល្ងាចពីម៉ោង៤:៣០ដល់ម៉ោង៧យប់។

ដោយឡែក ទីតាំងហ្វឹកហាត់មាន៣កន្លែង ទី១-ពហុកីឡដ្ឋានជាតិអូឡាំពិក ទី២ពហុកីឡដ្ឋានជាតិមរតកតេជោ និងទី៣ជិះកង់តាមផ្លូវជាតិ6A។ លោកបានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានត្រួតពិនិត្យសម្ភារ និងការបែងចែកកង់ សម្ភារ និងសម្លៀកបំពាក់ ឈុតថ្មី ដល់ជម្រើសជាតិទាំង២ ក្រុម គឺឈុតថ្នាលយុវជន និងក្រុមឈុតធំ។
អគ្គលេខាធិការរូបនេះបញ្ជាក់បន្ថែមទៀតថា ការហ្វឹកហាត់នេះនឹងបង្កើនបាននូវគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិទាំងពីរឈុតនេះ ដើម្បីត្រៀមការប្រកួតជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុង នាចុងឆ្នាំ២០២០ នៅខេត្តកែប។ ចំពោះការប្រកួតអន្តរជាតិនានាត្រូវបានលុបចោលអស់ហើយ សម្រាប់ឆ្នាំ២០២០នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបន្តរីករាលដាលនៅឡើយ។

សូមបញ្ជាក់ថា ទ្រីយ៉ាត្លុងគឺជាប្រភេទកីឡាអូឡាំពិក ដែលមានវិញ្ញាសាចំនួន៣បូកបញ្ចូលគ្នា គឺរត់ ជិះកង់ និងហែលទឹក។ ប្រភេទកីឡាទ្រីយ៉ាត្លុង (Triathlon)មាន៣វិញ្ញាសាធំៗ ១-ទ្រីយ៉ាត្លុង មានហែលទឹក ១,៥០០ម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់១០គីឡូម៉ែត្រ។ ២- ឌូយ៉ាត្លុង (Duathlon)រត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ទី៣-វិញ្ញាសាអាគ័រត្លុង (Aquathlon)រត់២,៥គីឡូម៉ែត្រ បូកហែលទឹក១,០០០ម៉ែត្រ និងបន្តរត់ ២,៥គីឡូម៉ែត្រ ដែលទាំងអស់នេះគឺជាកំណត់ចម្ងាយនៃការប្រកួតស្តង់ដារអន្តរជាតិ៕ ដោយ៖ហេង ណាលីន