សហព័ន្ធការ៉ាតេកម្ពុជា ពិភាក្សាលើការជ្រើសរើសគ្រូជម្រើសជាតិពីបរទេស

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបើកកិច្ចប្រជុំ កាលពីល្ងាចថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពីរបាយ​ការណ៍វឌ្ឍនភាពការងារ នៃគណៈកម្មការជំនាញទាំង៥ និងពិភាក្សាលើការជ្រើសរើស​គ្រូបង្វឹកជម្រើសជាតិពីបរទេស ដើម្បីសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយ នៅក្នុង​ដំណើរ​ឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម ជូ វិជិត្ត អនុប្រធាន​ប្រចាំការ នៃសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដោយផ្តោតសំខាន់លើរបាយការណ៍វឌ្ឍន​ភាព​ការងាររបស់គណៈកម្មការជំនាញរបស់ខ្លួនទាំង៥ ការជ្រើសរើសគ្រូបង្វឹកបរទេស ការរៀប​ចំសាលហ្វឹកហាត់ និងសាងសង់អគារថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាលើក​ឡើងនូវគោលដៅពង្រឹងគុណភាពក្រុមកីឡាករ កីឡាការិនីជម្រើសជាតិផងដែរ៕ ដោយ៖ ហេង ណាលីន