ខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានមន្ទីរព័ត៌មានថ្មី

AKP កំពង់ចាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

តំណែងប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ត្រូវបានធ្វើពិធីប្រកាសនាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០ នេះ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមប្រកាសរបស់ក្រសួងព័ត៌មានត្រូវបានប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ជំនួសលោក ជា ក្រូច ត្រូវដាក់ឱ្យចូលនិវត្តន៍។

លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានអានរបាយការណ៍ បញ្ជាក់ថា មន្ទីរព័ត៌មានខេត្តមានមន្ត្រីរាជការសរុបចំនួន៦២នាក់ ស្រី១៨នាក់ ក្នុងនោះ មានមន្ត្រីជាប់កិច្ចសន្យាចំនួន២៩នាក់។ ខេត្តមានស្ថានីយវិទ្យុផ្សាយសំឡេងចំនួន១ ដែលមាន កម្លាំងផ្សាយ២គីឡូវ៉ាត់ ស្ថានីយទូរទស្សន៍ចំនួន១ ស្ថានីយមានកម្លាំង៥គីឡូវ៉ាត់ និងមានស្ថានីយវិទ្យុឯកជនចំនួន១៣ស្ថានីយ និងស្ថានីយទូរទស្សន៍ផ្សាយបន្តផ្ទាល់ មានចំនួន១៤ស្ថានីយ និងវិទ្យុ៤ស្ថានីយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសសើនិងវាយតម្លៃខ្ពស់ចំពោះ ស្នាដៃនៃការដឹកនាំរបស់ប្រធានមន្ទីរព័ត៌មានខេត្តដែលបានចូលនិវត្តន៍ បានដឹកនាំ វិស័យព័ត៌មានឱ្យរីកចម្រើនពិសេសបានធ្វើការផ្សព្វផ្សាយអំពីព័ត៌មាន សកម្មភាព ថ្នាក់ដឹកនាំ ការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាប្រទេសជាតិក្រោមការ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិសេសបានធ្វើការពាំនាំអំ ពីតម្រូវការរបស់ប្រជាពលរដ្ឋដល់ថ្នាក់ដឹកនាំបានដឹង និងធ្វើការឆ្លើយតប បានទាន់ពេលវេលា និងបានទប់ស្កាត់និងប្រឆាំងរាល់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការ ផ្តាំផ្ញើដល់ ប្រធានមន្ទីរព័ត៌មានថ្មីត្រូវចេះសាមគ្គីផ្ទៃក្នុងឱ្យ បានល្អជាកត្តាសំខាន់ ក្នុងការងារ និងត្រូវ មានភាពជាអ្នកដឹកនាំប្រកបដោយយុត្តិធម៌ និងតម្លាភាពក្នុងការតែងតាំង និងការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា មន្ទីរព័ត៌មាន មានភារកិច្ច សំខាន់បំផុតគឺការផ្ទេរព័ត៌មានពីមូលដ្ឋានទៅឱ្យថ្នាក់ដឹកនាំ និងផ្ទេរការសម្រេច និងពន្យល់ ការសម្រេចរបស់ថ្នាក់ដឹកនាំមកថ្នាក់ក្រោមជាតិ ពិសេសគឺមន្ទីរព័ត៌មានគឺជាចុងភៅ ដែលទទួលម្ហូបទាំងឡាយពីបណ្ដារមន្ទីរជុំវិញខេត្ត មានទាំងព័ត៌មានល្អ និងព័ត៌មានគ្រោកគ្រាត ដែលតម្រូវឱ្យមន្ទីរព័ត៌មានចេះធ្វើការកែច្នៃរាល់ព័ត៌មានទាំងនោះ ឱ្យខ្លឹមសារសមស្របដើម្បីឱ្យគ្រប់មជ្ឃដ្ឋានទទួលយកបាន។ ដូចនេះត្រូវចេះធ្វើ ទំនាក់ទំនងល្អជា មួយបណ្ដាលមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ដើម្បីទទួលព័ត៌មាន និងធ្វើជាសេនាធិការនៃការផ្ដល់ព័ត៌មានដល់ខេត្ត ក្រសួង និងប្រមុខថ្នាក់ដឹកនាំដោយឈរលើគោលការណ៍ប្រាំចំណុចនៃព័ត៌មានគឺ ប្លែក លឿន មានទំនុកចិត្ត គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់៕ ដោយ៖ឆាយ ម៉ុត