អង្គការសហប្រជាជាតិ អនុម័តគម្រោងថវិកាចំនួន១លានដុល្លារ ដើម្បីអនុវត្តនកម្មវិធីរួមគ្នា ជាមួយកម្ពុជា សម្រាប់ ជួយការពារពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្តន៍

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០—

អង្គការសហប្រជាជាតិបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាម៉េរិក ដើម្បីអនុវត្តនកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UNDP) និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា ភាគីទាំងពីរនឹងចូលរួមមតិយោបល់ល្អៗដើម្បីជួយឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលល្អ។

ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺកូវីដ-១៩។

ទន្ទឹមនេះ ដើម្បីប្រយុទ្ធ និងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការ និងដាក់ចេញវិធានការ ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃនេះរាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោមបានបន្តថា មកដល់ពេលនេះ ប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩គ្រប់ទីកន្លែង។ សម្ដេចក្រឡាហោមបានចាត់ទុកលទ្ធផលនេះថាជាស្នាដៃកើត ចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ និងការចូលរួមគាំទ្រពីក្រសួងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានភ្នាក់ ងារ អង្គការសហប្រជាតិដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង៣ខែ ខណៈដែលប្រទេសថៃ បានបិទព្រំដែនជាមួយកម្ពុជា គឺមានប្រជាពលរដ្ឋជាពលករទេសន្តរប្រវេសន៍បានវិលត្រឡប់ប្រមាណជាជាង១០ម៉ឺននាក់ ក្នុងនោះស្ត្រីប្រមាណ៥០ភាគរយ និងកុមារ៣ភាគរយ៕ ដោយ៖ចាន់ សុធីវង្ស