ពលរដ្ឋខ្មែរ ជាង១០ម៉ឺននាក់ វិលត្រឡប់មកស្រុកវិញក្នុងអំឡុងពេលមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួនជាង១០ម៉ឺននាក់ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពេញសកលលោក។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជាស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ហើយប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេសបន្ដរឹតត្បិតក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន។

លោកជំទាវបន្ដថា រោងចក្រ សហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាក ដែលធ្វើឱ្យពលករបាត់បង់ការងារ និងបានរុញច្រានឱ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។

លោកជំទាវបានថ្លែងថា “គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃ មកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មានរយៈពេល៣ខែ ១៥ថ្ងៃ និងមានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍ នៅក្រៅប្រទេស ជាពិសេស ប្រទេសថៃចំនួនសរុបជាង១០០.៥៦៨នាក់”។

លោកជំទាវបានលើកឡើងថា ក្នុងទស្សនវិស័យរួម នៃការឆ្លើយតបទៅនឹងវិបត្តិការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងសង្គមជាសកល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចូលរួមគាំទ្រការអនុវត្តផែនការជាតិរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយផ្ដោតលើការទប់ស្កាត់ការចម្លង និងការឆ្លងក្នុងចំណោមក្រុម ប្រជាពលរដ្ឋដែលទើបនឹងវិលត្រឡប់ពីការធ្វើទេសន្ដប្រវេសន៍ ដែលអាចបង្កើតស្ថានភាពរាលដាលទ្រង់ទ្រាយធំនៅតាមសហគមន៍ និងរក្សាស្ថានភាពនៃការរស់នៅប្រកបដោយស្ថិរភាព និងភាពចុះសម្រុង ជាមួយសហគមន៍មូលដ្ឋាន ក្នុងតំណាក់កាលនៃការធ្វើសមាហរណកម្ម៕ដោយ៖ប៊ុនរិទ្ធ