បទយកការណ៍៖ ប្រជាសហគមន៍អេកូទេសចរណ៍ជីផាត ផ្លាស់ប្ដូរមុខមាត់ថ្មី និងបានចំណូលបន្ថែមតាមរយៈការផ្ដល់សេវាផ្ទះស្នាក់នៅ និងធ្វើម្អូបជូនភ្ញៀវទេសចរ

AKP កោះកុង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជីផាត ឃុំ ជីផាត ស្រុកថ្មបាំង ខេត្ដកោះកុង។ ការបង្កើតសហគមន៍នេះឡើងដោយមានការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ដកោះកុង និងការគាំទ្រថវិកាដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងគោលបំណងចូលរួមថែរក្សា និងការពារអភិរក្សធនធានធម្មជាតិ ដូចជាព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នោះ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍អេកូទេសចរណ៍ជីផាត គឺមានរយៈពេល១២ឆ្នាំហើយ ក្នុងការរៀបចំសហគមន៍នេះឡើងដើម្បីជួយដល់ប្រជាសហគមន៍រស់នៅក្នុងតំបន់នេះឱ្យផ្លាស់ប្ដូរនូវទម្លាប់ពីការចូលព្រៃកាប់ឈើ ការបរបាញ់សត្វ ការដាក់អន្ទាក់ មកជាការចូលរួមការពារអភិរក្សធនធានធម្មជាតិ ការផ្ដល់សេវាផ្ទះស្នាក់នៅ និងការធ្វើម្ហូបអាហារ ដើម្បីទទួល បាន ចំណូលបន្ថែមពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមកកម្សាន្ដស្នាក់នៅក្នុងសហគមន៍។

លោក អ៊ន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានគូសបញ្ជាក់ថា ការបង្កើតសហគមន៍នេះឡើងមានគោលបំណងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស ដើម្បីទុកឱ្យប្រជាជនក្នុងសហគមន៍នៅជំនាន់ ក្រោយបានដឹង និងស្គាល់។ សហគមន៍បានបណ្តុះបណ្តាដល់បងប្អូនប្រជាសហគមន៍ឱ្យចូលរួមជួយថែរក្សាបរិស្ថាន អនាម័យក្នុងសហគមន៍ ក្នុងនោះរួមមានទាំងការអប់រំចំណេះដឹង ក៏ដូចជា ការធ្វើជាគំរូដល់សហគមន៍ទាំង៤ភូមិ បានន័យថា ជំរុញឱ្យពួកគាត់ចេះថែរក្សាបរិស្ថាន អនាម័យក្នុងភូមិឋានទាំងអស់ឱ្យមានរបៀបរៀបរយល្អ។ លោកបានបន្ដថា សហគមន៍ក៏បានផ្តល់ឱកាសឱ្យពួកគាត់តាមរយៈសកម្មភាពសហគមន៍គឺគាត់ជាអ្នកបង្កើត ផលិតផលទេសចរណ៍ ឱ្យសហគមន៍ជួយលក់ផលិតផលរបស់គាត់ទៅកាន់ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅក្នុងសហគមន៍របស់យើង។

លោកបានធ្វើការប្រៀបធៀបអំពីជីវភាព ពលរដ្ឋក្នុងសហគមន៍កាលពីមុនមកដល់ពេលឥឡូវ ឃើញថា មានការប្រែមុខមាត់ខ្លាំង ដោយសារពីមុនមកគឺប្រជាជនរស់នៅទីនេះអត់មានអ្វីពឹងផ្អែកក្រៅពីការធ្វើកសិកម្ម ឬប្រ មូលអនុផលព្រៃឈើទេ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៧មក មានអ្វីប្លែកទាក់ទងជាមួយភ្ញៀវ ទេសចរ អ៊ីចឹងបានន័យថា សហគមន៍ និងប្រជាជនក្នុងមូលដ្ឋានគឺពួកគាត់ស្វ័យប្រវត្តិ ដោយខ្លួនឯងថាត្រូវរកអ្វីដែលថ្មី ចេះបង្កើតភាពទាក់ទាញ អ្វីដែលគួរជាទីចាប់អារម្មណ៍ របស់គាត់ និងធ្វើឱ្យភ្ញៀវចាប់អារម្មណ៍។ លោកបានបន្ថែមថា “ការប្រកបរបររបស់ពួក គាត់ពីមុនគ្រាន់តែជាអ្នកដាំដុះ ធ្វើស្រែចម្ការទេ តែឥឡូវជាអ្នកលក់ដូរ ជាអ្នកបង្កើតការ ផ្តល់សេវាវិញ គាត់មានចំណូលបន្ថែមទាក់ទងការរកប្រាក់ចំណូលរបស់គាត់ គាត់មានការ កើនឡើងនៃប្រាក់ ចំណូលរបស់គាត់”។ លោកប្រធានសហគមន៍បានឱ្យដឹងទៀតថា ប្រជា ជននៅសល់យ៉ាង ច្រើនប្រហែល៥ភាគរយតែប៉ុណ្ណោះ នៅបន្ដចូលព្រៃ ដែលភាគច្រើន អ្នកចូលព្រៃទាំងនោះជាប្រជាជនមកពីក្រៅសហគមន៍។

លោក អ៊ន សុវណ្ណ ក៏បានបង្ហាញនូវសេវាកម្មជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ដែលរួមមាន សេវាកម្មស្នាក់ នៅ សេវាកម្មចម្អិនម្ហូបអាហារ សេវាកម្មជូនភ្ញៀវដើរលេងក្នុងព្រៃ ការណែនាំភ្ញៀវពីគម្រោងរបស់សហគមន៍ពីបច្ចុប្បន្ន និងទៅអនាគត។ លោកបានឱ្យដឹងទៀតថា តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្នអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចំណាយថវិកាជាង១លានដុល្លារ ក្នុងការរៀបចំ កសាងសហគមន៍រួមទាំងរៀបចំគណៈកម្មការគ្រប់គ្រងសហគមន៍ និងរចនាសម្ព័ន្ធផ្សេងៗ សម្រាប់ជួយជ្រោមជ្រែងទាំងអស់។ ជាមួយគ្នានេះ ចំពោះចំណូលដែលសហគមន៍អេកូទេសចរណ៍ជីផាត រកបានសម្រាប់ផ្ដល់ឱ្យសហគមន៍ជាង១លានដុល្លារ ផងដែរ តាំងពីឆ្នាំ២០០៧ ដល់២០២០នេះ និងទទួលបានភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសប្រមាណ៧០ភាគរយនៃភ្ញៀវទេសចរដែលមកក្នុងសហគមន៍។

បើតាមលោក ទូច សុផានី ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ជីផាតនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា លោកបានចូលមកជួយធ្វើការងារនៅសហគមន៍ជីផាតនេះតាំងពីឆ្នាំ២០០៩។ លោកលើកឡើងថា កាលពីមុនឆ្នាំ២០០៧តំបន់នេះពោពេញទៅដោយការកាប់បំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្រោយសង្គ្រាមស៊ីវិលចប់ កន្លែងនេះជាកន្លែងរោងចក្រអារឈើ មានការកាប់ព្រៃឈើ កាប់ចម្ការពនេចរនៅពេញទីកន្លែងក្នុងតំបន់នេះ។ ចំណែកសត្វព្រៃចាប់លក់គ្រប់កន្លែងហាក់ដូចជារឿងធម្មតា ប៉ុន្តែអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមបេសកកម្មក្នុងការជួយការពារក្នុងតំបន់ ជូរភ្នំក្រវាញនេះតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៧ ក៏បានចាប់ផ្តើមរៀបចំសហគមន៍អេកូទេសចរណ៍ជីផាត ហើយចេញជាសហគមន៍អេកូទេសចរណ៍នេះ ដោយមានអង្គកាសម្ព័ន្ធមិត្តសត្វព្រៃនិងអាជ្ញាធរពាក់ព័ន្ធបានមកប្រជុំជាមួយប្រជាពលរដ្ឋដើម្បីចង់ដឹងថា ប្រជាពលរដ្ឋនៅតំបន់នេះចង់បានអ្វីដើម្បីជួយក្នុងការចូលរួមការពារព្រៃឈើ។

លោកបានបន្ដថា ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ខេត្ត បានរៀបចំតំបន់អេកូទេសចរសហគមន៍នេះចាប់តាំងពីជំហានដំបូងនៃការសម្ភាសន៍ប្រជាពលរដ្ឋទាំងអស់ រហូតចេញជាសកម្មភាព ហើយសកម្មភាពនៃការរៀបចំសហគមន៍នេះអនុវត្តន៍ទៅតាមវិធីសាស្ត្រនៃការចូលរួម ដែលរាល់ការសម្រេចចិត្តផ្សេងៗ ក្នុងការរៀបចំផែនការ ការរកតំបន់ទាក់ទាញ ការលើកផែនការផ្សេងៗ គឺប្រជាពលរដ្ឋជាអ្នកសម្រេច។ លោកបានរម្លឹកថា សម្រាប់ទស្សនវិស័យដែលពួកគាត់ចង់ឃើញ១០ឆ្នាំមុន សហគមន៍នៅទីនេះជាសហគមន៍អេកូទេសចរណ៍ក្រោមការគ្រប់គ្រង និងដឹកនាំដោយពួកគាត់ផ្ទាល់ ហើយបានចំណូលពីភ្ញៀវទេសចរជួយកូនចៅគាត់ កូនចៅគាត់មានឱកាសទៅរៀនសូត្រ មានហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍ មានមន្ទីរពេទ្យ សាលារៀន និងធនធានធម្មជាតិក៏ត្រូវបានអភិរក្សថែមទៀត។

លោក ទូច សុផានី បានបន្ដទៀតថា ចាប់ពីឆ្នាំ២០០៧មកវាមិនមែនជាការងាយទេ រហូតមានលទ្ធផលថ្ងៃនេះ យើងត្រូវតែបន្តសកម្មភាពតទៅមុខទៀត ដើម្បីឱ្យមាននិរន្តភាពកាន់តែប្រសើរក្នុងសហគមន៍អេកូទេសចរណ៍ជីផាតនេះ។ លោកបានបញ្ជាក់បន្ថែមថា “ចំ ណូលចាក់បញ្ចូលពីវិស័យទេសចរណ៍ក្នុងតំបន់ជីផាតនេះទទួលបានជាង១លានដុល្លារ។ ជាង១លានដុលា្លរនេះ ៨០ភាគរយដល់ដៃប្រជាពលរដ្ឋផ្ទាល់ ដល់ដៃសមាជិកសេវា ក្នុងនោះសមាជិកសេវាផ្ទាល់ពីសហគមន៍ចំនួន៣៣២ គ្រួសារ ក្នុងចំណោម៦៣៣គ្រួសារ ដែលសឹងតែ៥០ភាគរយនៃប្រជាពលរដ្ឋនៅតំបន់នេះគាត់ទទួលបានចំណូលពីវិស័យទេសចរណ៍”។

លោកបានអះអាងថា បច្ចុប្បន្នប្រជាជននៅទីនេះគាត់ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថរបស់គាត់ពីមុនគាត់មិនសូវខ្វល់ខ្វាយពីការលក់ដូរទេ ឥឡូវគាត់ចាប់ផ្តើមបើកតូបលក់ដូរ បើកហាងបាយ ហាងកាហ្វេ បើកផ្ទះសំណាក់ ជាហូរហែ។ លោកបានថ្លែងថា “នេះហើយជាលទ្ធផលមួយដែលបានមកពីការរៀបចំសហគមន៍អេកូទេសចរណ៍ហើយអ្វីដែលសំខាន់ នោះគឺនៅទីនេះ១០០ភាគរយ នៃការចាប់ចម្ការពនេចរ ចម្ការវិលជុំគឺបញ្ចប់១០០ភាគរយ អត់មានចម្ការពនេចរតទៅទៀតទេ ហើយចំនួនអ្នកបន្តចូលព្រៃកាប់ឈើ បរបាញ់សត្វសល់សឹងតែ៥ភាគរយទេ”។

លោកប្រធានគម្រោងបានថ្លែងបន្ដថា បើអត់មានការគាំទ្រពីរាជរដ្ឋាភិបាលទេគឺគ្មានសហគមន៍អេកូទេសចរណ៍ជីផាតនៅថ្ងៃនេះទេ ដែលនេះជារឿងពិត វាមិនអាចថា ជារឿងចៃដន្យ កើតឡើងជាយថាហេតុ ពីព្រោះនេះគឺជាកិច្ចខិតខំប្រឹងប្រែងតាមរយៈស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមមាន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្តកោះកុង អាជ្ញាធរភូមិ ឃុំ ស្រុកទាំងអស់។ លោកក៏បានកត់សម្គាល់ ឃើញថា តាមរយៈការរៀបចំសហគមន៍អេកូទេសចរណ៍ដោយត្រឹមត្រូវ ហើយច្បាស់លាស់បង្ហាញឱ្យឃើញថា ប្រសិទ្ធភាពនៃការចូលរួមការកាត់បន្ថយភាពក្រីក្រក៏ដូចជាការចូលរួមនៃការអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើនៅតំបន់នេះគឺមានប្រសិទ្ធភាព។

ប្រធានគម្រោងសហគមន៍អេកូទេសចរណ៍ជីផាតនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក ទូច សុផានី បានលើកឡើងពីកត្តាជំរុញឱ្យសហគមន៍អេកូទេសចរណ៍ជីផាតទទួលជោគជ័យនេះគឺដោយមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរ ស្ថាប័នជំនាញពាក់ព័ន្ធ ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំរបស់សហគមន៍ ដោយបង្កើតគណៈកម្មការជំនាញផ្តល់សេវាកម្មស្នាក់នៅ សេវាធ្វើម្ហូប និងសេវានាំភ្ញៀវដើរក្នុងព្រៃ។

លោកបានបញ្ជាក់បន្ថែមថា ចំណុចសំខាន់មួយទៀត គឺកត្ដាគាំទ្រផ្លូវច្បាប់ មានន័យថា ក្រសួង ឬស្ថាប័ន មន្ទីរពាក់ ព័ន្ធរួមគ្នាធ្វើការគាំទ្រធ្វើយ៉ាងណាជំរុញលើកទឹកចិត្ដឱ្យសហគមន៍បានធ្វើសកម្ម ភាពដើរ ទៅមុខបាន បើទោះបីជាមានការខ្វះខាតបន្ដិចបន្ដួចយ៉ាងណាក្ដី រឿងបញ្ហាច្បាប់គឺនឹងជួយ សម្រួលជាបន្ដបន្ទាប់។ លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា ដូចជា ក្រសួងទេស ចរណ៍ចេញអាជ្ញាប័ណ្ណផ្តល់សេវាកម្មទេសចរណ៍ដល់សហគមន៍ដោយមិនយកថ្លៃសេវា ហើយក្រសួងបរិស្ថានផ្តល់សិទ្ធិឱ្យសហគមន៍អាចនាំភ្ញៀវចូលទស្សនាព្រៃបាននៅក្នុងតំបន់ អភិរក្ស។

អ្នកស្រី ឆាវ ចាន់ធឿន មន្រ្ដីសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងដែរថា ពេលបង្កើតសហគមន៍នេះឡើងធ្វើឱ្យអ្នកស្រីមានការងារធ្វើ មានប្រាក់ចំណូល មានការយល់ដឹងច្រើន និងទទួលបានចំណេះដឹងថ្មីៗ ពីសហគមន៍។ អ្នកស្រីបានបន្ដថា កាលពីមុនអត់ចេះភាសាអង់គ្លេសទេ តែឥឡូវចេះភាសាអង់គ្លេស ចេះទំនាក់ទំនងច្រើន ខណៈពេលមានភ្ញៀវទេសចរចូលមកសហគមន៍។ អ្នកស្រីបានបន្ថែមថា “ពីមុនរកស៊ីធម្មតា ដោយសារអត់មានអ្នកទេសចរ រកស៊ីកាប់ឈើ បរបាញ់សត្វ តែឥឡូវមិនរកចាប់សត្វទៀតទេ ពេលមានអ្នកទេសចរ សហគមន៍គេទប់ស្កាត់ការចូលព្រៃ ហើយសហគមន៍បានបង្កើត ការងារឱ្យធ្វើ បើពេលមានទេសចរចូលមក ក៏មានសេវាច្រើនដែរ”។ អ្នកស្រីបានឱ្យដឹងដែរថា ស្របពេលដែលមានទេសចរចូលមកក្នុងសហគមន៍ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងច្រើន ក្នុងការចូលរួមថែរក្សាធម្មជាតិ និងសត្វព្រៃ ពីព្រោះអាចទាក់ទាញភ្ញៀវទេសចរមកកាន់តែច្រើន និងអាចរកចំណូលបានច្រើនផងដែរ។

អ្នកស្រី បានឱ្យដឹងបន្ថែមថា “ប្រជាពលរដ្ឋមានការផ្លាស់ប្តូរច្រើន ពីមុនពួកគាត់ធ្លាប់ចូលព្រៃ កាប់ឈើ ចាប់សត្វ តែដល់ពេលបង្កើតសហគមន៍ ពួកគាត់យល់ដឹងច្រើនពីគម្រោងអភិវឌ្ឍន៍របស់សហគមន៍ ហើយក៏បានប្ដូរមកធ្វើការជាមួយសហគមន៍ដោយសារឃើញមានភ្ញៀវទេសចរច្រើន”។

ដៃកំពុងតែបោចស្មៅដំណាំនៅជុំវិញផ្ទះ អ្នកស្រី សឿង ចន្ថា ប្រជាសហគមន៍ទេសចរណ៍ជីផាតបាននិយាយថា គ្រួសារគាត់បានទទួលចំណូលបន្ថែមពីសហគមន៍ នៅពេលដែលមានភ្ញៀវមកស្នាក់នៅ ក្នុងនោះ ផ្ទះគាត់ទទួលភ្ញៀវឱ្យស្នាក់នៅជាមួយក្រុមគ្រួសារដោយក្នុង១យប់ សម្រាប់១បន្ទប់ តម្លៃ២ម៉ឺនរៀល។ អ្នកស្រីបានបន្ដថា “ការបង្កើតសហគមន៍នេះធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំរកចំណូលបានបន្ថែមទៀតក្រៅពីការដាំដំណាំប្រចាំថ្ងៃ”។

ចំណែកអ្នកស្រី គុយ ងីន ជាប្រជាសហគមន៍ដែរនោះបានឱ្យដឹងថា ការបង្កើតសហគមន៍ទេសចរណ៍នៅជីផាតនេះបានធ្វើឱ្យគ្រួសារគាត់អាចរកចំណូលដោះដូរជាមួយរបរធ្វើចម្ការប្រចាំថ្ងៃបានមួយកម្រិតផងដែរ។ ក្រៅពីផ្តល់សេវាផ្ទះស្នាក់នៅដល់ភ្ញៀវអ្នកស្រី គុយ ងីន ក៏បានដាំដំណាំស្វាយចន្ទី និងទុរ៉េនបន្ថែមនៅជុំវិញផ្ទះរបស់គាត់។ អ្នកស្រីបញ្ជាក់ថា “ខែខ្លះខ្ញុំដាក់ភ្ញៀវបានបួនដប់យប់ក្នុងមួយខែដោយក្នុងមួយយប់ទទួលបានប្រាក់៤ដុល្លារ សហគមន៍កាត់យក២០ភាគរយ ខ្ញុំទទួលបាន៨០ភាគរយ”។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមាន ប្រសាសន៍ថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍ជីផាតនេះ គឺក្នុងគោលបំណងធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធម្មជាតិដែលមានសក្តានុពលទេសចរណ៍ឱ្យទៅជាកន្លែងទេសចរណ៍ធម្មជាតិ ដើម្បីថែទាំអភិរក្សធនធានធម្មជាតិ ឱ្យមានទេសភាពល្អ ស្អាត មានកន្លែងទាក់ទាញ ហើយអាចផ្ដល់ចំណូលជាប្រចាំជូនប្រជាពលរដ្ឋថែមទៀត។ ឯកឧត្ដមបានបន្ដថា ការចូលរួមអភិរក្សរបស់ប្រជាពលរដ្ឋក្នុងសហគមន៍គឺជាចំណុចសំខាន់ក្នុងការធានានិរន្តរភាពនៃការការពារបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសប្រសិនបើមិនមានការចូលរួមពីសហគមន៍នោះទេក៏យើងមិនអាចទទួលបានជោគជ័យដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា “ការការពារធនធានធម្មជាតិរបស់យើងបានទាល់តែប្រជាជនមានមុខរបរ មានចំណូលដែលមាននិរន្តរភាព តាមរយៈការបង្កើតទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយជួយដល់ពួកគាត់”៕ ដោយ៖គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី