លោកជំទាវ ហឹង ណារី វ៉ា ថន នាំយកអំណោយកាកបាទក្រហមខេត្តផ្តល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំថ្មគ្រែ និងឃុំសំបុក ក្នុងស្រុកចិត្របុរី

AKP ក្រចេះ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

លោកជំទាវ ហឹង ណារី វ៉ាថន  អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២០គ្រួសារនៅក្នុងឃុំថ្មគ្រែ និងឃុំសំបុស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

អំណោយកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយ រងគ្រោះទាំង២០គ្រួសារនៅក្នុងឃុំថ្មគ្រែ និងឃុំសំបុក ក្នុងស្រុកចិត្របុរីនាពេលនោះ គឺក្នុង មួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស  ត្រីខ ១០កំប៉ុង អាវយឺតចំនួន ៤ សាប៊ូ១ដុំ និងថវិកាចំនួន ២០០០០រៀល។

នាឱកាសនោះលោកជំទាវ ហឹង ណារី វ៉ា ថន អនុប្រធានកិត្តិយសគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែង តែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកជំទាវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួសរាន់ត្រៀម លក្ខណៈបង្កបង្កើនផលនៅក្នុងរដូវវស្សាឱ្យបានទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហាស្បៀងក្នុងការទ្រ ទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

លោកជំទាវក៏បានក្រើនរំលឹកផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនតាមរយៈការចូលរួមអនុវត្តន៍ វិធានការការពារ និងការធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួម កាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ ៖ជួន សុជាតិ