ប្រទេសហ្វីលីពីននឹងប្រើកំលាំងប៉ូលីសក្នុងការស្វែងរកអ្នកឆ្លងកូវីដ១៩ ពីផ្ទះមួយទៅផ្ទះមួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៧.២០)

ហ្វីលីពីន៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារទី ១៤ ខែកក្កដានេះថាអាជ្ញាធរនិងប៉ូលីសហ្វីលីពីននឹងធ្វើការស្រាវជ្រាវពីផ្ទះមួយទៅផ្ទះមួយដើម្បីរកអ្នកឆ្លងវីរុសកូវីដ១៩ ដើម្បីការពារការឆ្លងរាលដាលកាន់តែខ្លាំងឡើងខណៈដែលចំនួនអ្នកស្លាប់និងអ្នកឆ្លងបានកើនឡើងច្រើនហើយ តំបន់ខ្លះបានវិលត្រឡប់ទៅរកវិធានការតឹងរ៉ឹងឡើងវិញហើយ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានជំរុញឱ្យសាធារណជនរាយការណ៍អំពីករណីនានានៅក្នុងសង្កាត់របស់ខ្លួនដោយព្រមានថាអ្នកណាម្នាក់ដែលឆ្លងមេរោគហើយមិនព្រមសហការជាមួយរដ្ឋាភិបាលនឹងត្រូវប្រឈមការជាប់ពន្ធនាគារ។

លោករដ្ឋមន្រ្តីបានប្រាប់សន្និសីទសារព័ត៌មានថាអាជ្ញាធរមិនចង់ ឲ្យអ្នកជំងឺវិជ្ជមានធ្វើចត្តាឡីសាក់ដោយខ្លួនឯងទេជាពិសេសប្រសិនបើផ្ទះរបស់ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់។