រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីគ្រាប់មីន និង កាកសំណល់ជាតិផ្ទុះពីសង្គ្រាម

AKP ឧត្តរមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរជាតិកំចាត់មីនកម្ពុជា ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និង គ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាលាខេត្តឧត្តរមានជ័យ រសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា ដោយសារប្រទេសកម្ពុជាយើងបានទទួលរងនូវសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ បានបន្សល់ទុកគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះច្រើនពាសពេញផ្ទៃប្រទេស ។

ដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយទើបបានបញ្ចប់សង្គ្រាមចុងក្រោយគេ ដែលជាហេតុមួយធ្វើឱ្យគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅសល់រហូតមកដល់ពេលនេះ តែដោយសំណាងល្អដែលយើងមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តន៍នយោបាយឈ្នះ ឈ្នះនាំឱ្យសមរភូមិដ៏រឹងមាំរបស់ខ្មែរក្រហមត្រូវបានធ្វើសមាហរណកម្មរំលាយចូលរដ្ឋាភិបាលតែមួយ ហើយធ្វើឱ្យប្រទេសជាតិរបស់យើងទទួលបាននូវសុខសន្តិភាពរហូតរៀងមកដល់សព្វថ្ងៃនេះ ។

សមិទ្ធផលទាំងអស់នេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងមូល មិនអាចបំភ្លេចបានឡើយនូវគុណូបការៈរបស់សម្តេចតេជោ ដែលលោកតែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។ ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យទាំងមូល បានខិតខំអស់ពីកម្លាំងកាយ ចិត្តដើម្បីរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងការបោះជំហានទៅកាន់ភាពសម្បូរសប្បាយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងរយៈពេលសង្គ្រាមដែលអូសបន្លាយជាង២ទសវត្សរ៍មកនេះ នៅលើទឹកដីខេត្តឧត្តរមានជ័យ ក៏ដូចជាក្នុងប្រទេសជាតិរបស់យើង បានបន្យល់ទុកនូវផលវិបាកដល់សង្គមជាតិ និងប្រជាពលរដ្ឋយើងយ៉ាងច្រើនក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ ។ គ្រាប់មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើននៅកប់រាយប៉ាយក្នុងតំបន់រស់នៅនិងកន្លែងបង្កបង្កើនផល ហើយមកដល់ពេលនេះគ្រោះមហន្តរាយ ដែលបណ្តាលមកពីគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម នៅតែបន្តគំរាមកំហែងជារឿយៗមកលើអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងនៅឡើយ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា យោងតាមរបាយការណ៍ឆ្នាំ២០១៩កន្លងមក មានករណីផ្ទុះមីននិងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន ៤ករណី ដែលមានជនរងគ្រោះចំនួន៥នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន២នាក់ របួស៣នាក់ ។

សម្រាប់ឆ្នាំ២០២០នេះគិតត្រឹមខែមិថុនា មានករណីផ្ទុះមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមមានចំនួន ២ករណី ក្នុងនោះ១ករណីផ្ទុះមីនតោនបណ្តាលឱ្យមនុស្សស្លាប់ចំនួន១នាក់ និងខូចត្រាក់ទ័រ ១គ្រឿង និងផ្ទុះ១ករណីទៀត បណ្តាលឱ្យឆេះរថយន្តដឹកដីចំនួន ១គ្រឿង ។ ចំពោះអត្រាគ្រោះថ្នាក់ខាងលើនៅតែបន្តតម្រូវឱ្យយើងទាំងអស់គ្នាត្រូវគិតគូរធ្វើការពិចារណារួមគ្នា និងមានការប្រុងប្រយត្ន័ឡើងវិញ ឱ្យបានហ្មត់ចត់អំពីមូលហេតុ និងរិះរកវិធានការសមស្របដើម្បីទប់ស្កាត់ ។

ដោយផ្តើមចេញពីយុទ្ធនាការអប់រំការយល់ដឹងអំពីគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះដែលបន្សល់ទុកពីសង្គ្រាមនាថ្ងៃនេះ រួមជាមួយមេរៀន បទពិសោធន៍នៃបណ្តាឆ្នាំកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ បានដាក់ចេញនូវសកម្មភាពសំខាន់ ៗ រួមមាន៖ កិច្ចសហប្រតិបត្តិការបោសសម្អាតមីន ការអប់រំយល់ដឹងពីមីន ការប្រមូលនិងកម្ទេចគ្រាប់គ្រប់ប្រភេទ ។ សកម្មភាពទាំងនេះបាននិងកំពុងប្រែក្លាយតំបន់ដែលរងផលប៉ះពាល់ខ្លាំងដោយសារសង្គ្រាម ប្រែក្លាយឱ្យទៅជាភូមិសាស្រ្ត ប្រកបដោយភាពសន្តិសុខ ផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយសហគមន៍ ក៏ដូចជាមួយប្រតិបត្តិករដោះមីនជាតិ និងអន្តរជាតិ ដើម្បីឱ្យមានការយល់ដឹងជាប្រចាំអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសង្គ្រាមមិនទាន់ផ្ទុះ ។ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ ជូនអាជ្ញាធរដែនដី ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត និងត្រូវចៀសវាងកុំប៉ះពាល់ កុំមើលស្រាល ឬចង់ទាញយកផលប្រយោជន៍អំពីមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យសោះ នៅពេលប្រទះឃើញវា ទោះបីនៅទីណាក្តី ឬមានស្ថានភាពដូចម្តេចក្តី ។

ឯកឧត្តម លី ធុជ បានសម្ដែងការដឹងគុណចំពោះអង្គការបោសសម្អាតមីនទាំងអស់ ដែលបានរួមគ្នាក្នុងការចូលរួមនូវសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តឧត្តរមានជ័យដែលជាសមរភូមិចុងក្រោយគេនៃការបញ្ចប់សង្គ្រាម ។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានបង្កើតនូវគោលនយោបាយឈ្នះ ឈ្នះ ដើម្បីខ្មែរតែ១ លែងមានខៀវ ក្រហម ស ឬខ្មៅទៀតហើយ ។

ឯកឧត្តមបានបន្ថែមទៀតថា ក្នុងនាមសម្តេចតេជោប្រធានអាជ្ញាធរជាតិមីននៅកម្ពុជា ក៏សូមថ្លែងនូវអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រុង ស្រុកនិងប្រជាពលរដ្ឋទាំងអស់ដែលបានសហការគ្នា ផ្តល់នូវព័ត៌មានអំពីតំបន់មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនដល់អង្គការបោសសម្អាតមីនទាំងអស់ បានចូលរួមបោសសម្អាតជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ក្នុងនាមឯកឧត្តមផ្ទាល់ ក៏នៅតែមានការព្រួយបារម្ភអំពីបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់ក្នុងជម្រៅដីជ្រៅៗ ។

ឯកឧត្តម ក៏នៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនអតីតខ្មែរក្រហមដែលធ្លាប់បានដឹង សូមមេត្តាផ្តល់នូវព័ត៌មានជាក់លាក់ដល់អង្គភាពបោសសម្អាតមីនទាំងអស់ ដើម្បីឱ្យពួកគាត់បានដឹងនឹងបោសសម្អាតឱ្យបានទាន់ពេលវេលា ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋរបស់យើង ៕ ដោយ៖ទិត ស្រ៊