ក្រុមប្រឹក្សាខេត្ត បើកិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី៣របស់ខ្លួន

AKP កណ្ដាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

ដើម្បីធ្វើឱ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការអភិវឌ្ឍន៍ខេត្តតាមផែនការ ដែលបានគ្រោងទុក និងអាចដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើឱ្យរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២១ ឱ្យបានច្បាស់លាស់ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមឱ្យក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តម ម៉ៅ ភិរុណ បានបញ្ជាក់ថា ការរៀបចំកសាងផែនការថវិកាសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារចាំបាច់ណាស់ ត្រូវធ្វើឱ្យបានស្របទៅតាមតម្រូវការ ជាអាទិភាពរបស់ប្រជាពលរដ្ឋ និងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំ នៅក្នុងវេទិការបស់ក្រុមប្រឹក្សាទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត ។ ឯកឧត្តម ក៏បានធ្វើការបានក្រើនរម្លឹកដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ ឱ្យយកចិត្តទុកដាក់រាល់កិច្ចប្រជុំប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​របស់ក្រុមប្រឹក្សាខេត្ត ហាមមិនឱ្យអវត្តមានជាដាច់ខាត ប្រធាន ឬ​អនុប្រធាន​មន្ទីរ​ទាំងឡាយ​ត្រូវក្តាប់​ការងារ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា ហើយអាចដោះស្រាយបញ្ហានានាទាំងនោះបាន ចៀសវាងឱ្យអនុប្រធាន ឬ​មន្ត្រី​ចូលរួម​ប្រជុំ​ជំនួស ហើយ​ក្តាប់​ការងារ​អត់​បាន ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុងការដោះស្រាយ​។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន​ណែនាំ និង​ជំរុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​​-​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត។ ជា​ពិសេសលើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស មានតម្លាភាព ត្រូវខិតខំពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដោយមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល​ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)