សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

១.ចិន៖ គណៈកម្មការសុខាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃអង្គារទី១៤ខែកក្កដានេះថាទីក្រុងប៉េកាំងមិន មានករណីឆ្លងវីរុសកូវីដ១៩ថ្មីនៅក្នុងប្រទេសទេ។នេះបានបញ្ជាក់ឲ្យឃើញថាទីក្រុងប៉េកាំងកំពុងតែ អនុវត្តបានល្អវិធានការទប់ស្កាត់ដែលធ្វើឲ្យទីក្រុងមិនមានករណីឆ្លងវីរុសកូវីដ១៩ទៅក្នុងទីក្រុងរយៈពេល ៨ ថ្ងៃជាប់ៗគ្នាហើយ។

២.សឹង្ហបុរី៖ យោងតាមការប៉ាន់ស្មានដំបូងដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសិង្ហបុរីបានឲ្យដឹងថា សេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ នេះ ។ការធ្លាក់ចុះនេះអាចធ្វើឱ្យប្រទេសសិង្ហបុរីធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានចាប់តាំងពីប្រទេសសឹង្ហបុរីទទួលបានឯករាជ្យមក។

៣.អាមេរិក៖ ភោជនីយដ្ឋានមាន់បំពងខេអេហ្វស៊ី បានបិទកន្លែងអង្គុយទទួលទានអាហារនៅតាមហាង នានារបស់ខ្លួនក្នុងរដ្ឋផ្លរីដាដោយសារតែមានការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩។រដ្ឋផ្លរីដា បានរាយការណ៍ អំពីករណីឆ្លងវីរុសថ្មីចំនួនជាង ១២.៦០០ ករណីកាលពីថ្ងៃច័ន្ទទី១៣ ខែកក្កដាដែលជាចំនួនសរុប ប្រចាំថ្ងៃ ខ្ពស់បំផុតលើកទី ២ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះ។

៤.ចិន៖ ស្ថាប័នឃ្លាំមើលប្រព័ន្ធអ៊ិនធឺរណែតរបស់ប្រទេសចិនបានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល ពីរខែដើម្បី បោសសម្អាតខ្លឹមសារគេហទំព័រណាដែលមានគោលដៅសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៨ ឆ្នាំ។រដ្ឋបាលនៃប្រព័ន្ធអ៊ិនធឺរណែតរបស់ចិនបាននិយាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃអង្គារទី ១៤ខែកក្កដានេះ ថាយុទ្ធនាការនេះនឹងពិនិត្យមើលខ្លឹមសារនៅលើគេហទំព័រសិក្សាតាមអ៊ិនធរណេតក៏ដូចជាគេហទំព័រដែលផ្សាយផ្ទាល់ឬផ្ញើសារដែលមានគោលបំណងសំដៅទៅលើអនីតិជន។

អត្ថបទ ឆាយ វីកាល