ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាងសង់ផ្លូវបេតុងដែលមានប្រវែង ៧០គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–

នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ជា វិទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group អញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀង សាងសង់ផ្លូវបេតុង ដែលមានប្រវែង៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្ពស់០,២៥ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development Company បានបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអរគុណ អភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុនលើគម្រោងសាង សង់ផ្លូវបេតុងលើកោះរ៉ុង គឺជាការបង្ហាញផ្លែផ្ការក្នុងការអភិវឌ្ឍនៅលើកោះរ៉ុង មានផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២៥ម៉ែត្រ សាងសង់រយៈពេល ១៦ខែ ក្រៅពីការងារសាងសង់ផ្លូវក្រុមហ៊ុន និងបន្តសាងសង់អគ្គិសនី ផែ ព្រលាន យន្តហោះស្របតាមគោលនយោបាយសម្តេចតេជោ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរជាតិ និងអន្តរជាតិ មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ នៅលើកោះរ៉ុង ដែលក្រុមហ៊ុន Royal Group បានចុះហត្ថលេខាជួលកោះស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍន៍ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ សង្ឃឹមថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងសាងសង់គម្រោងផ្សេងៗទៀតប្រែក្លាយ កោះរ៉ុង ដ៏ស្រស់បំព្រង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានកោតសរសើរ អភិបាលខេត្តព្រះសីហនុ បានសហការសម្របសម្រួលការវិនិយោគ ធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក មានអគារសំណង់ធំៗ រោងចក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ ម៉ឺននាក់ ធានាការពារសន្តិសុខ សុវត្ថិភាព។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូបពហុបំណង ផ្ដល់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់នូវ អត្ថប្រយោជន៍ប្រកបដោយសមធម៌ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចព្រមព្រៀង របស់ក្រុមហ៊ុន Royal Group សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅលើកោះរ៉ុង ជាដំណើការអភិវឌ្ឍគម្រោងកសាងផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ បន្ទាប់ពីនោះ ក៏មានកសាងហេដ្ឋារចនាសម្ពន្ធ័បំរើគោលដៅអភិវឌ្ឍនានាជាច្រើនបន្តបន្ទាប់ទៀត ដូចជា អគ្គិសនី ទឹកស្អាត ព្រលានយន្តហោះ រួមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ថែមទៀត ដើម្បីបម្រើការអភិវឌ្ឍនៅលើកោះរ៉ុង។ ទន្ទឹមនោះត្រូវគិតគូរពីការរៀបចំអាងប្រព្រឹត្តកម្ម ធ្វើការគ្រប់គ្រងអនាម័យ បរិស្ថានឱ្យមានសមិទ្ធភាព ចីរភាពអំពីភាពស្អាតនៅលើកោះ។ យើងត្រូវមានរោងចក្រដុតសំរាម ព្រោះជាការចាំបាច់ បើមានការប្រើប្រាស់សំរាមនៅទីនេះ ដើម្បីកែច្នៃ ឱ្យក្លាយជាអគ្គិសនីសម្រាប់ការប្រើប្រាស់នៅលើកោះ កាន់តែមានភាពចាំបាច់ជាពហុគោលដៅ និងពហុផលប្រយោជន៍។

ក្នុងឱកាសនោះ អភិបាលខេត្តព្រះសីហនុ ធ្វើការចែករំលែកនៃការកសាងហេដ្ឋា រចនាសម្ព័ន្ធនៅលើដីគោកក្នុងខេត្តប្រវែង ៨៤,៥០គីឡូម៉ែត្រ ដែលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ខេត្តព្រះសីហនុ គឺគោលនយោបាយស្លឹកត្នោត ខ្ចប់ស្លឹកត្នោត កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយសមិទ្ធផលនេះដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗហើយ ដែលមានផ្ទៃក្រឡាបេតុងប្រមាណជាង ១,៤០០,០០០ម៉ែត្រការ៉េ កសាងប្រព័ន្ធលូយ៉ាង ច្រើនគីឡូម៉ែត្រ នៅសល់ការងារមួយចំនួន កំពុងបន្តធ្វើរួមមានការរៀបចិញ្ចើមផ្លូវ ក្រាលថ្មក្រានីត ការអ៊ុតបេទីម ដាំដើមឈើ ភ្លើងបំភ្លីសាធារណ បំពាក់កាំម៉ារ៉ាសុវត្ថិភាព ប្រើប្រាស់រយៈពេល ៨ខែ ឆ្លើយតបតាមពេលវេលាបានកំណត់។

យើងចង់ឃើញសមិទ្ធផលរយៈពេល១៦ខែ នៅលើកោះរ៉ុងរបស់យើង ជាឱកាស ដល់យុវជនយើងផងដែរ ក្រោយការកសាងរួចសមិទ្ធផលនេះបានចូលរួមចំណែកទាក់ ទាញដល់អ្នកវិនិយោគ មានការចាប់អារម្មណ៍កាន់តែច្រើនឡើងទាំងនៅលើដីកោះ និងដីគោក ម្យ៉ាងទៀតដំណើរការអភិវឌ្ឍ និងវិនិយោគចាប់ផ្តើនកាន់តែធំធាត់ ជាឱកាសរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចសម្រាប់ខេត្តរបស់យើងកាន់តែមានភាពល្អប្រសើជាងនេះថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកមានការពាក់ព័ន្ធ សូមមានការ យោគយល់ ដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគនេះទៅក្រុមហ៊ុន Royal Group ក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ផ្តល់ការងារដល់យុវជនរបស់យើង ទោះបីវាមានផល ប៉ះពាល់ខ្លះក៏ដោយ ត្រូវមានការចូលរួមដើម្បីជំរុញដំណើរការអភិវឌ្ឍនេះបានរលូន ជំរុញការ អភិវឌ្ឍនៅលើកោះរ៉ុងឱ្យមានការលូតលាស់ស្របតាមផែនការ ដែលបានគ្រោងទុក និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Royal Group ក្នុងស្ថានភាពដែលពិភពលោក កំពុងរងការគំរាមកំហែងពីជំងឺ Covid-19។ ថ្ងៃនេះក្រុមហ៊ុនបានសម្រេចចិត្តចុះកិច្ចព្រម ព្រៀងកសាងផ្លូវ ៧០គីឡូម៉ែត្រ និងសូមអបអរសាទរ និងក្រើនរម្លឹកដល់មន្ត្រី ក្នុងស្ថានភាព Covid-19 មិនទាន់បញ្ចប់ទេ មិនមានវ៉ាក់សាំងការពារជំងឺនេះនៅឡើយ ត្រូវបន្តការប្រុង ប្រយ័តអនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ចប់ខ្ជួនបន្តទៀត ដើម្បី ចៀសផុតពីការឆ្លងជំងឺ Covid-19៕ ដោយ៖ងូ សុមុនី