FFC ប្រកាសរៀបចំការប្រកួតយុវជន និងនារីចំនួន៥កម្រិត ដើម្បីស៊ីហ្គេម ២០២៣

AKP ភ្នំពេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសជូនដំណឹងស្តីពីការរៀបចំការប្រកួតកីឡាបាល់ទាត់ យុវជន និងនារីចំនួន៥កម្រិតសម្រាប់ឆ្នាំ២០២០-២០២១ ដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធបាល់ទាត់បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង​របស់​ខ្លួនថា ការប្រកួត៥កម្រិតនេះរួមមាន៖ ១-ការប្រកួតជម្រើសជើងឯកជាតិ លីគលំដាប់ទី២ ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ២-ពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ២០២០ ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ ៣-ជម្រើសជើងឯកបាល់ទាត់លីគនារី ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

៤-ជម្រើសជើងឯកបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ទី៥ និងទី៦ គឺពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ និងយុវជនអាយុក្រោម ១៥ឆ្នាំ ពីថ្ងៃទី០៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ដូចៗគ្នា៕ដោយ ហេង ណាលីន