សម្ដេចតេជោ ហ៊ុន សែន ឯកភាពផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ នៅខែសីហាខាង​មុខ ជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក

AKP ព្រៃវែង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​ឯកភាពឱ្យកម្មករ  និយោជិត និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល០៥ថ្ងៃ ដោយ​ចាប់​ពី១៧-២១ ខែសីហា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរកន្លងមក ដែលត្រូវបានពន្យារពេលកាលខែមេសាកន្លងមក ដោយសារការរីក​រាលដាលនៃជំងឺកូវីដ-១៩នោះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្ប​កម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់​រដ្ឋបាល​ជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យក្រសួង​សុខាភិ​បាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំង ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការ ពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និង ណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដោយតម្រូវឱ្យអនុវត្តន៍ដាច់ខាតតាមគោល​ការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺ​កូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន០៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញទស្សនៈ វិស័យនៃការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងថែមទៀតរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ខណៈវិបត្តិកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយ ដោយសម្តេចគូសបញ្ជាក់ថា ផ្ទុយទៅវិញ វិស័យកសិកម្មរបស់កម្ពុជា មិនត្រឹមតែមិនប៉ះពាល់ទាំងនោះទេ ប៉ុន្តែមានឧត្ដមភាពកាន់តែខ្លាំងឡើងថែមទៀត។ សម្ដេច​តេជោបានអះអាងថា កូវីដ-១៩ មិនអាចសម្លាប់ប្រជាជនកម្ពុជាបានទេ បើទោះបី​មាន​ផលប៉ះពាល់ទៅលើវិស័យសេវា ឧស្សាហកម្ម ទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវ​អាកាស ប៉ុន្តែកម្ពុជា មានចំណុចខ្លាំងមួយគឺវិស័យកសិកម្ម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ពេលនេះ គឺជាប្រក្រតីភាពនៃជីវភាពតាមគន្លងថ្មី បន្ទាប់ពី​យើង​ជួបនូវវិបត្តិកូវីដ១៩ និងបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន​យកចិត្តទុកដាក់ការពារខ្លួនជាបន្តទៀត កុំឱ្យឆ្លងជម្ងឺកូវីដ-១៩៕

ដោយ ជឹម ណារី