ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត៥០គ្រួសារ នៅស្រុកថ្មពួក ទទួលបានអំណោយ​ស្បៀងអាហារពីអាជ្ញាធរខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតចំនួន៥០គ្រួសារ នៅក្នុងស្រុកថ្មពួកបានទទួល​អំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិការបស់​អាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បី​​ជួយដោះស្រាយដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលកំពុងជួបលំបាកដោយវិបត្តិនៃជំងឺ​កូវីដ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោកនេះ។

អំណោយមនុស្សធម៌នេះត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រ ព្រមទាំង ក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយយកទៅចែកជូន ប្រជាពលរដ្ឋ៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ជរា មកពីឃុំថ្មពួក២៥គ្រួសារ និង ឃុំភូមិថ្មី ២៥គ្រួសារ នៅសាលាបឋមសិក្សាភូមិថ្មី ​កាលពីព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០នេះ ដោយក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ​១០កំប៉ុង,សាប៊ូ២ដុំ និងថវិកា ១០០០០រៀលផងដែរ ។

ជាមួយនោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បាន​នាំយកកង់ជិះចំនួន១៧គ្រឿងទៅចែកដល់ ក្មួយៗ សិស្សដែលគ្រួសារមានជីវភាពទីទ័លក្រនៅ​សាលាបឋមសិក្សាភូមិថ្មីដើម្បីឱ្យក្មួយៗ មានមធ្យោបាយធ្វើដំណើរមករៀនសូត្របានទាន់​ពេល​វេលា។

មានប្រសាសន៍ក្នុងពិធីចែកអំណោយនេះឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា រាជ រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនជានិច្ចកាលតែង​តែគិតគួរក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកនៅ គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារទទួលទាននោះទេ។

ឯកឧត្តមបានលើកឡើងទៀតថា រដូវនេះមានភ្លៀងធ្លាក់បងប្អូនត្រូវចេះប្រុងប្រយ័ត្ន​ចំពោះសុខភាព ព្រោះមូលខ្លានឹងកើតឡើងច្រើន វាខាំបណ្ដាលឱ្យកើត ជំងឺគ្រុនឈាម ជាងនេះក៏ត្រូវរកទីសុវត្ថិភាព ដើម្បីការពារខ្លួនពីខ្យល់កន្ត្រាក់ផ្គររន្ទះដែលអាចកើតឡើង ជាយថាហេតុផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ។ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាមានតិចក្តីតែយើងត្រូវបង្កើនការយកចិត្តទុកដាក់​ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំដើមី្បការ​ពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ត្រូវអនុវត្តន៍ជាប្រចាំនូវសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឬក្រមាឱ្យបានត្រឹមត្រូវនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជា​​ដើម។ ដោយសារជំងឺកូវីដ១៩ កំពុងរាតត្បាតទូទាំងសកលលោក សូមបងប្អូនកុំធ្វើ ចំណាក ស្រុកដោយខុសច្បាប់ ចាញ់បោកមេខ្យល់ជាដើម បងប្អូនអាចស្វែងរកការងារក្នុងស្រុកធ្វើ បានហើយ ក៏អាចទទួលបាន ចំណូលប្រហាក់ប្រហែលគ្នាដែរ។

ទន្ទឹមនេះដែរ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងអ្នកដទៃ ឈាន ទៅរកការកាត់បន្ថយឬលុបបំបាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចបណ្ដាលឱ្យស្លាប់ឬមានពិការភាពជាដើម៕

ដោយឈុនសារ៉ាត