ឯកឧត្តម សៀង ណាំ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ១៩

AKP សៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រចំនួន ៧៥គ្រួសារស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងពិធីនេះឯកឧត្តម សៀង ណាំ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ១៩ មិនត្រូវធ្វេសប្រហែសនោះឡើយ បើទោះបីចំនួនអ្នក ឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។ ដោយអនុវត្តន៍ឱ្យបានជាប្រចាំនូវសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវលាងសម្អាតដៃជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាស់ ពេលនៅក្នុងចំណោមក្រុមមនុស្ស ច្រើន ឬទីប្រជុំជននានាជាដើម។ ព្រោះដោយសារជំងឺកូវីដ-១៩នៅតែរាតត្បាត ទូទាំងសកល លោក។

ឯកឧត្តម សៀង ណាំ បានបញ្ជាក់ដែរថា ដោយសារតែការរាតត្បាតនៃមេរោគ កូវីដ១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនងាយរងគ្រោះ ដូច្នេះហើយបានជាកាកបាទ ក្រហមកម្ពុជា ផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនងាយរងគ្រោះចំនួន៧៥គ្រួសារ ស្ថិត នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនោះ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល៕

ដោយ ឃុត សៅ