រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្ត

AKP បាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយករដ្ឋបាលសាលាខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលងខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ និង ជាមន្ត្រីរាជការសាលាខេត្តផងដែរ ។

ក្នុងពិធីនេះបានប្រកាសការតែងតាំង លោក ឆាយ ម៉ាទីណាល់ ពីនាយករដ្ឋបាលសាលាខេត្ត ជាអភិបាលរង នៃគណៈអភិបាលខេត្តថ្មី ជំនួសលោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងលោក មូល ធន ពីនាយករងរដ្ឋបាលសាលាខេត្ត ជានាយករដ្ឋបាលសាលាខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានរាយការណ៍ ជូនគណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ ព្រមជាមួយគ្នានោះដែរអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅតែបន្តយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ ការពារ បង្រ្កាប និងលុបបំបាត់ជាបណ្ដើរៗ នូវរាល់បទល្មើសនានាដែលកើតមានក្នុងខេត្តបាត់ដំបង ។ ជាពិសេសយកចិត្តទុកដាក់លើការងារចំពោះមុខ គឺការទប់ស្កាត់ បង្ការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះគិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងចំណោមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្នុងខេត្តបាត់ដំបង មានប័ណ្ណសរុបចំនួន ៦៦.៣៩៤គ្រួសារ ក្នុងនោះបានផ្ដល់ប្រាក់រួចចំនួន ៩២,៩១ភាគរយ ស្មើនឹង ៦១.៦៨៩គ្រួសារ ដែលបានចំណាយជាសាច់ប្រាក់សរុបចំនួន ១១.៦៤៣.២៣២រៀល ។

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងអំឡុងជំងឺកូវីដ-១៩នេះ ធ្វើយ៉ាងណានៅតែបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ដើម្បីធ្វើការចៀសវាងការឆ្លងរីករាលដាលដល់សហគមន៍ និងដើម្បីទប់ស្កាត់រលកទី២នៃជំងឺកូវីដ-១៩ ។ បន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យនៅតែរក្សាអនាម័យខ្លួនប្រាណ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុល កាត់បន្ថយការជួបជុំគ្នា ត្រូវពាក់ម៉ាសនៅពេលចេញទៅក្រៅម្ដងៗ ។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការបំផុសបំផុលព័ត៌មានបំពុល និងក្លែងក្លាយដែលមានបំណងបង្កជាបញ្ហាដល់សន្ដិសុខសង្គម និងអុជអាលឱ្យមានអំពើហិង្សាផ្សេងៗ ។ ជាពិសេសពង្រឹងការអភិវឌ្ឍគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីទប់ស្កាត់អំពើអបាយមុខផ្សេងៗដូចជា អំពើចោរកម្ម ការជួញដូរមនុស្ស ទប់ស្កាត់ការជួញដូរគ្រឿងញៀនដែលបង្កជាបញ្ហាសុវត្ថិភាពសង្គមផងដែរ ។

ឯកឧត្តម ឡាំ ជា បានបញ្ជាក់ទៀថា ដោយសារវិបត្តិកូវីដ-១៩នេះហើយដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ទើបរាជរដ្ឋាភិបាលបានបញ្ចេញគោលនយោ បាយផ្ដល់សាច់ប្រាក់ដល់ជនក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិនូវជំងឺកូវីដ-១៩ទាំងអស់ ។ ដោយសារមានភាពមិនប្រក្រតីក្នុងការចែកជូនប័ណ្ណក្រីក្រ ដើម្បីទទួលបានសាច់ប្រាក់ពីគោលនយោបាយរបស់រដ្ឋាភិបាល ទើបក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹង ណែនាំដល់អាជ្ញាធរ ពិសេសមេភូមិ មេឃុំ នៅតាមរដ្ឋបាលឃុំ ភូមិទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យមានសុច្ចរិតភាព និងមានតម្លាភាពឱ្យបានដាច់ខាត ដោយមិនត្រូវដាក់ក្រុមគ្រួសារបងប្អូនខ្លួន ឬជនណាដែលមិនមែនជាជនក្រីក្រពិតប្រាកដ ឱ្យទទួលកម្មវិធីផ្ដល់សាច់ប្រាក់ក្នុងកម្មវិធីនេះឡើយ ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំដល់អភិបាលរងខេត្តថ្មី និងនាយករដ្ឋបាលសាលាខេត្ត ដែលទើបតែតែងតាំង ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីខ្លួនឱ្យបានល្អ ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើនទៅមុខទៀត ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)