ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត

AKP កំពង់ធំ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–

នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមា   ជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន ប្រមាណ ១២០នាក់។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លុះបញ្ចាំងទៅលើលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលក្នុងនោះមានការងារសំខាន់ៗដែលក្រុមការងារ រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបានអនុវត្តន៍ និងការដាក់ចេញទិសដៅអនុវត្តន៍បន្តឱ្យមានប្រសិទ្ធភាព មានដូចជា៖ -ការបន្តអនុវត្តន៍ការងារឆ្វៀលដីតំបន់៣ តំបន់២ តំបន់អភិរក្សសត្វខ្សឹប ការឆ្វៀលដីចេញពីសារពើភណ្ឌរបស់មន្ទីរអង្គភាពជូនប្រជាពលរដ្ឋ។

– ការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក។ – ការចុះអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ -ការបន្តចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ -ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩។ -ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ (យោងតាមស្មារតីសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០)។ -ការបន្តអនុវត្តន៍វិធានការនានារបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្ការការរីករាលដាលជំងឺកីវីដ -១៩ ។ -ការពង្រឹងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ – ការពង្រឹងសន្តិសុខសុវត្ថិភាព ការបង្រាបបទល្មើសព្រៃឈើ ជលផល ធនធានធម្មជាតិ គ្រឿងញៀន ។ -ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ -ការបន្តពិនិត្យ ដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន៕ ដោយ៖ស៊ុម វណ្ណា