ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងចែកទេយ្យទានដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុករលាប្អៀរ

AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០–

នៅថ្ងៃចន្ទ ៨រោច ខែអាសឍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង បាននាំយកអំណោយសប្បុរសធម៌ និងទេយ្យទាន ចែកជូនជនចាស់ជរា និងគ្រួសារក្រីក្រចំនួន ១១៩គ្រួសារ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងពិធីនេះក៏ មានការនិមន្ត និងអញ្ជើញចូលរួមពីលោក លោកស្រី និងមន្ត្រីមន្ទីរធម្មការ និង សាសនាខេត្ត ថ្នាក់ដឹកនាំមន្រ្តីសង្ឃខេត្ត ព្រះអនុគុណក្រុង ស្រុកទាំង៨ និង អាជ្ញាធរដែនដី។

ព្រះធម្មវង្សាធិបតី សុខ ថាន មានសង្ឃដីកាថា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌ និងទេយ្យទានយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋដែលងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ គ្រប់ពេលវេលា ។ ទោះបីអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ-១៩ (Covid-19) ។
ព្រះអង្គបានឱ្យដឹងទៀតថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជាបានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ។ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រះធម្មវង្សាធិបតី សុខ ថាន បានមានសង្ឃដីកា ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ការពារខ្លួន ការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

ក្នុងឱកាសនោះដែរ ព្រះធម្មវង្សាធិបតី សុខ ថាន និងសប្បុរសជនអមដំណើរ បានផ្ដល់អំណោយជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រចំនួន ១១៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, និងថវិកា២ម៉ឺរៀល៕ ដោយ៖បៃ ស៊ីថុន