រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តីពី“ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី៤)

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០–

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី“ ការគ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី៤) ។

ប្រភពពីក្រសួងបានឱ្យដឹងថា នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវចំណេះដឹងអំពីបរិការណ៍ទូទៅ គោលនយោបាយ ភាពខ្លាំង បញ្ហាប្រឈមរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារនៃរដ្ឋបាលសាធារណៈ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្តល់សេវាសាធារណៈ និងការកសាងរដ្ឋបាលទំនើប។

ឯកឧត្តមបានបន្តថា ក្នុងជំហានដំបូងនៃជីវិតជាមន្រ្តីរាជការ ត្រូវខិតខំពង្រឹងនូវសមត្ថភាព ដើម្បីមានឱកាសការងារ និងតួនាទីទៅមុខទៀត ជាពិសេសកំណត់ឱ្យច្បាស់នូវគោលដៅជីវិតដែលត្រូវដើរ ប្រកាន់ខ្ជាប់នូវតម្លៃមនុស្ស គុណធម៌ សីលធម៌ ភាពស្មោះត្រង់ចំពោះខ្លួនឯង សង្គម និងគ្រួសារ ។

ឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមាន គោលបំណងកសាង និងពង្រឹងសមត្ថភាពមន្ត្រី រាជការក្របខ័ណ្ឌថ្មីឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើលើវិស័យបរិស្ថាន ដើម្បី ជំរុញការអនុវត្តគោលបំណង គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងឱ្យ សម្រេចបានជោគជ័យ តាមការគ្រោងទុក ។

ការបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី៤) នេះមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ជូនមន្ត្រីរាជការ មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៩ និងឆ្នាំ២០២០ សរុប ៧២រូប ក្នុងនោះមន្ត្រីរាជការនៅទីស្តីការក្រសួងចំនួន ៤៦រូប និងមន្ទីរបរិស្ថានរាជធានី-ខេត្ត។ ចំពោះចំណេះដឹង និងឯកទេសនឹងផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាល មានជាអាទិ៍៖ ១. រចនាសម្ព័ន្ធនិងការរៀបចំប្រព្រឹត្តទៅរបស់ក្រសួង និងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន រចនាសម្ព័ន្ធ និងការរៀបចំប្រព្រឹត្តទៅរបស់មន្ទីរបរិស្ថានរាជធានីខេត្ត ។ ២. គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ។ ៣. ការរៀបចំផែនការថវិកា នីតិវិធីអនុវត្តន៍ថវិកាកម្មវិធី នីតិវិធីលទ្ធកម្ម នីតិវិធីធ្វើសារពើភណ្ឌ និង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ៤.យុទ្ធសាស្ត្រគាំពារបរិស្ថាន ការគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ ។ ៥. ការគ្រប់គ្រង ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍដោយចីរភាព ការគ្រប់គ្រងជីវសុវត្ថិភាព ការគ្រប់គ្រងជីវចម្រុះ ។ ៦. ការងារអប់រំបរិស្ថាន ការងារសេវាកម្មព័ត៌មានភូមិសាស្ត្រ ការគ្រប់គ្រងព័ត៌មាននិងផ្សព្វ ផ្សាយបរិស្ថាន ។ ៧. ការគ្រប់គ្រងបេតិកភណ្ឌក្នុងតំបន់ ការពារធម្មជាតិ ការគ្រប់គ្រង និងអភិរក្សជនជាតិដើមភាគតិចក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ។ ៨. ការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ការអភិរក្សតំបន់ការពារធម្មជាតិ ការអភិរក្សតំបន់ដីសើមទឹកសាប ការអភិរក្ស    សមុទ្រ និងតំបន់ឆ្នេរ ។ ៩.ដំណើរការនីតិវិធីធ្វើសវនកម្មផ្ទៃក្នុង នីតិវិធីអធិការកិច្ច និងដោះស្រាយបណ្ដឹងតវ៉ានិងបរិហា ។ ១០. ការងារវិមជ្ឈការ និងវិសហមជ្ឈការ ។ ១១. ការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ។ ១២. ការយល់ដឹងអំពីមនុស្ស នយោបាយ ច្បាប់ និងសីលធម៌ ការដឹកនាំ ក្នុងជម្លោះនយោបាយ ប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្ន និងវិធីសាស្ត្រឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ៕ ដោយ ពេជ្រ ណារិទ្ធ