សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

១.ចិន៖ សេដ្ឋកិច្ចប្រទេសចិនបាន ងើបឡើងវិញនៅត្រីមាសទី ២ បន្ទាប់ពីការរាតត្បាតដោយវីរុសកូវីដ១៩។យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថាវីរុសរាតត្បាតនេះបានធ្វើឱ្យប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកធ្លាក់ចុះជាលើកដំបូងក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ។ អ្នកវិភាគមកពីស្ថាប័នចំនួន ១១ បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចរបស់ចិន ថាបានកើនឡើង ១,៣ ភាគរយ។

២.ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃច័ន្ទ ទី ១៣ ខែកក្កដានេះបានបញ្ជាក់អំពីចំនួនអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ថ្មីដល់ទៅចំនួន ១៦២ នាក់ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ។ ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថាចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ១.៥៣៤ នាក់ ពេលដែលមានករណីឆ្លងថ្មីកើនឡើងចំនួន ២.១២៤ ក្នុងមួយថ្ងៃដែលធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុង ប្រទេសកើនដល់៥៦.២៥៩ នាក់ ។

៣.ឥណ្ឌូនេស៊ី៖ មនុស្សជិត ១៣០០នាក់នៅសាលាបណ្ឌិតយោធាមួយក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្វើតេស្តរកឃើញ វិជ្ជមានវីរុសកូវីដ១៩ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងការរីករាលដាលនៃវីរុសរាតត្បាតនេះ។សាលាយោធារបស់ឥណ្ឌូនេស៊ីនេះស្ថិតនៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតនៅភាគខាងលិចកោះចាវ៉ាក្នុងពេលនេះត្រូវបានគេបិទ ហើយមនុស្ស៣០នាក់ដំបូងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានចេញ រោគសញ្ញាស្រាល ។

៤.ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន បានសម្តែងការអបអរសាទរដល់សមភាគីសិង្ហបុរី គឺលោកលីសៀនឡុង បន្ទាប់ពីគណបក្សលោកទទួលជ័យជំនះក្នុងការបោះឆ្នោតជាសកលនាពេលថ្មីៗនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី១២ ខែកក្កដា ក្រសួងការបរទេសសិង្ហបុរីបាន ឲ្យដឹងថាលោកលីនិងលោកមូហ៊ីឌីនមានការពិភាក្សាគ្នាអំពីទំនាក់ ទំនងដ៏រឹងមាំនិងវិជ្ជមានរវាងប្រទេសទាំងពីរ ។

អត្ថបទ ឆាយ វីកាល