អង្គការផែនដីមួយ​ មហាសាគរមួយ ចូលរួមជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

AKP សៀមរាប ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០–

លោក ចេក ចន មន្រ្តីអង្គការផែនដីមួយ ​មហាសាគរមួយ (OEOO) ប្រចាំនៅខេត្ត សៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា អង្គការ (OEOO) បាន ចាប់ដៃគ្នា ជាមួយអង្គការសិក្សា និងកែច្នៃសំរាមនៅកម្ពុជាដោយមានការគាំទ្រ ពីអាជ្ញាធរក្រុង សៀមរាបបានធ្វើសកម្មភាពសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ (Seehamster)។

បន្ទាប់ពីអង្គការ(OEOO)នេះ បានអនុវត្តន៍គម្រោងសំអាតប្រភពទឹកដំបូងនៅស្ទឹង សង្កែ នៃខេត្តបាត់ដំបងទទួលបានជោគជ័យ ដោយមើលឃើញនូវភាពជោគជ័យកន្លងមកនេះ និងមានការព្រួយបារម្មណ៍ខ្លាំង ពីការបំពុលទឹកផងនោះអង្គការ(OEOO)បានពង្រីកវិសាល ភាពគម្រោងរបស់ខ្លួន ដោយធ្វើការសហការជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីធ្វើការ សំអាតស្ទឹងសៀមរាប សាកល្បងរយៈ៣ខែ ជាមួយនឹងទូក Seehamster ​ទី២ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក។

លោកបន្តថា ចំណែកសំរាមដែលប្រមូលបាន ត្រូវបានធ្វើការបែងចែកទៅតាមប្រភេទ សំរាមនីមួយៗដើម្បីយកទៅកែច្នៃ។ ក្នុងគោលបំណងកាត់បន្ថយបរិមាណសំណល់ ក្នុងប្រភព ទឹកស្ទឹង ជួយសម្រួលដល់ការរស់នៅរបស់ជីវៈចម្រុះក្នុងទឹក លើកកម្ពស់ គុណភាពទឹក និងគុណភាពដី លើកកម្ពស់ការកែច្នៃសំណល់ដែលប្រមូលបាន។

លោកបានបន្តថា ទឹកស្ទឹងសៀមរាប​នេះ គឺមាន​សារៈសំខាន់ណាស់ទាំងសម្រាប់ ផ្គត់ផ្គង់ ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាសោភណភាពរបស់ ក្រុង សៀមរាប ដូច្នេះការសម្អាតទឹកស្ទឹងសៀមរាប​ឱ្យស្អាត គឺជាការងារចាំបាច់ដែលអង្គការ របស់លោកត្រូវចូលរួមជាមួយអាជ្ញាធរ។ សម្រាប់ការងារសម្អាតនៅលើផ្ទៃទឹកនៃដង ស្ទឹងសៀមរាបនេះគឺពេលព្រឹកធ្វើសកម្មភាពស្អាត សារាយ ចក និងពេលល្ងាចធ្វើសកម្មភាព សម្អាតថង់ប្លាស្ទិក និងសំណល់ផ្សេងៗដែលអណ្តែតលើផ្ទៃទឹក។ លោករំពឹងថា ការអនុវត្ត គម្រោងសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបនេះ និងទទួលបានជោគជ័យ ដូចនៅ ខេត្តបាត់ដំបងដែរ៕ ដោយ៖ឃុត សៅ