កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី-ខេត្ត សម្រាប់ ឆ្នាំ២០២១-២០២៣

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០–

​នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀប ចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វ ផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោម ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ តាមសារាចរលេខ០៤-០៥ របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

​ឯកឧត្តម គួច ចំរើន បន្តថា ដោយ សារវិបត្តិ Covid-19 រាជរដ្ឋាភិបាលបានកាត់ កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០នៅសល់ត្រឹមតែ ៦៧ពាន់ លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាព នៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារ អាចប្រមូលថវិកាបាន ១០០ពាន់លានរៀល។

​ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ផ្សាភ្ជាប់ទៅនឹងកញ្ចប់ថវិកា ដើម្បីរៀបចំផែនការអភិវឌ្ឍខេត្រ ក្រុង ស្រុក ឃុំ សង្កាត់តាមផែនការវិនិយោគ ៣ឆ្នាំ និង ៥ឆ្នាំរំកិល ហើយកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៏ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើសុំក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀប ចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែន ការយុទ្ធសាស្ត្រឱ្យចំគោលដៅ។ ម្យ៉ាងទៀតមកដល់ពេលនេះថវិកា ឆ្នាំ២០២០ មិនទាន់បានអនុវត្តន៍បានពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នាជំរុញផែន ការប្រើប្រាស់ថវិការបស់យើងបម្រើអត្ថប្រយោជន និងគុណប្រយោជន៍ក្នុង ខេត្តព្រះសីហនុរបស់យើង ។

​ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់អស់លោកអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាព ឃុំ សង្កាត់ ត្រូវតាមដានស្តាប់នូវបទបង្ហាញដោយយកចិត្តទុកដាក់ ដើម្បីធ្វើផែនការឱ្យបាន ទាន់ពេលវេលាតាមស្ថាន ភាពភូមិសាស្ត្រជាក់ស្តែងក្នុងខេត្ត៕ ដោយ ងូ សុមុនី