អភិបាលខេត្តកំពត ដឹកនាំមន្ត្រីជំនាញចុះឈ្វេងយល់ពីជីវភាព និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច

AKP កំពត ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០–

​ដោយសារក្ដីកង្វល់ពីរបបទឹកភ្លៀងមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះ អាចនាំឱ្យប៉ះពាល់លើការងារបង្កបង្កើនផល ពិសេសលើដំណាំស្រូវរបស់ប្រជាពលរដ្ឋ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខពីជីវភាព រស់នៅ និងឈ្វេងយល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
​ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា រាជ រដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានអនុវត្តន៍ នូវនយោបាយទឹក សម្រាប់ ក្នុងវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងនោះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត មានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុង ក្របខ័ណ្ឌទូទំាងប្រទេស ដោយឡែកសម្រាប់ ខេត្តកំពត ក៏បាននឹងកំពុងកសាងប្រព័ន្ធ ធារាសាស្ត្រនៅក្នុងមូលដ្ឋានមួយចំនួន មានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងប្រព័ន្ធធារាសាស្រ្តទ្វារទាក់ទឹកព្រែកទូកមាស ដែលក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងដំណើរការសាងសង់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះតែម្ដង។
​ឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថា ដោយផ្អែកតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅក្នុងរយៈពេលពាក់កណ្ដាលខែកក្កដានេះ ទឹកភ្លៀងអាចមានភាពរាំងស្ងួតអូសបន្លាយយូរ ដែលបញ្ហានេះអាចធ្វើឱ្យប្រជាកសិករជួប បញ្ហាខ្វះខាតទឹកដែលនាំឱ្យប៉ះពាល់ ស្រូវវស្សារឬដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ។​ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាប្រភពទឹកឱ្យបានល្អ ហើយបើ មានជួបប្រទះបញ្ហាប៉ះពាល់លើដំណាំស្រូវ ដោយសារការខ្វះខាតទឹក នឹងមានប្រភព ទឹកគ្រប់គ្រាន់ សម្រាប់បូមជួយសង្គ្រោះដំណាំស្រូវបាន សូមបងប្អូនរាយការណ៍ ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបានដឹងដើម្បី ចាត់វិធានការចុះជួយអន្តរាគមន៍បូមទឹកឱ្យបានទាន់ពេលវេលា ដោយមិនត្រូវព្រងើយកន្តើយ ទុកចោលឱ្យមានការប៉ះពាល់ខូចខាតធ្ងន់ធ្ងរលើដំណាំស្រូវ របស់បងប្អូន។
​ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ នៅពេលមានទឹកគ្រប់គ្រាន់ ត្រូវបង្កើនការសាបព្រោះដកស្ទូងស្រូវ និងដាំដុះដំណាំរួមផ្សំឱ្យ អស់លទ្ធភាពផ្ទៃដីដែលមាន ហើយបើមាន បញ្ហាកង្វល់ បញ្ហាប្រឈម ឬតម្រូវការផ្សេងៗ ក៏សូមឱ្យប្រញាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញពាក់ព័ន្ធ ដើម្បី សហការគ្នាចូលរួមជួយដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សជា បន្ទាន់ផងដែរ។
​ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ក៏បានជូនក្រមា និងថវិកា មួយចំនួនដល់ប្រជាពលរដ្ឋ កម្មករ កងកម្លាំង ដែលបានចូលរួមប្រមាណ ជាង១០០នាក់ និងបានបន្តចុះឈ្វេងយល់សំណង់ស្ទាក់ទឹកព្រែកទូកមាស នៅក្នុងភូមិព្រៃចេក ឃុំទូកមាសខាងលិច ដែលបាន និងកំពុងដំណើរការសាងសង់បានប្រមាណ ៧០ភាគរយផងដែរ៕ ដោយ៖ប្រាក់ លាង