អភិបាលខេត្តក្រចេះ ជំរុញ និងណែនាំដល់អាជ្ញាធរថ្នាក់ក្រោម អនុវត្តន៍​អនុសាសន៍សម្តេចតេជោ ក្នុងការទប់ស្កាត់ ការកាប់ទន្ទ្រានយកដីខុសច្បាប់

AKP ក្រចេះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះបានជំរុញ និងណែនាំដល់ អាជ្ញាធរថ្នាក់ក្រោម អនុវត្តន៍អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការកាប់ ទន្ទ្រានយកដីខុសច្បាប់នៅក្នុងតំបន់ព្រៃការពារ កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តបានបញ្ជាក់ថា តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតម្រូវឱ្យរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដីនិងផ្ដល់កម្មសិទ្ធិដីជូន ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅ លើទីតាំងដីដែលស្ថិតនៅ ក្នុងផែនទីតំបន់ការពារ ធម្មជាតិនិងគម្របព្រៃឈើនៅតាមបណ្ដាខេត្ត និងត្រូវបន្ថែមការ ត្រៀមបម្រុងដី ១០ភាគរយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍ ក្នុងគោលបំណងទប់ ស្កាត់ដាច់ខាតកុំឱ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្ន ន័យនិងស្ថិតិប្រជាពលរដ្ឋ អំពីដីធ្លីដែលប្រជា ពលរដ្ឋកំពុងកាន់កាប់និងអាស្រ័យផលជាក់ ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិនិងគម្របព្រៃឈើនៅតាមបណ្តាលក្រុង ស្រុកទាំងអស់ ដើម្បីចាត់ចែងការធ្វើការកាត់ឆ្វៀលដីនិងផ្ដល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំ ដីបម្រុង១០ភាគរយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍  ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវឌ្ឍន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាម តំបន់ការពារធម្មជាតិ និងគម្របព្រៃដើម្បីបង្ការទប់ស្កាត់កុំឱ្យមាននិន្នាការកាប់រានទន្ទ្រានកាន់ កាប់ដីព្រៃឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។

ឯកឧត្ដមអភិបាលខេត្តក៏បានជំរុញដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់ រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់អូស ទាញរបស់មេខ្យល់ឬជនខិលខូចមួយ ចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។

ទន្ទឹមនេះត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបុគ្គលជាមន្ត្រីមានសមត្ថកិច្ច ដែលបញ្ជាក់ឬចុះហត្ថលេ ខាលើលិខិតស្នាមឬឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធនឹងដីធ្លី ក្នុងការចាត់ចែងអនុវត្តន៍ការងារខាងលើនេះ រដ្ឋបាលក្រុង ស្រុកត្រូវរាយការណ៍ និងស្នើសុំយោបល់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មន្ទីរបរិស្ថាន និងមន្ទីរកសិក ម្មរុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរពាក់ព័ន្ធនីមួយៗ ៕

ដោយ ជួន សុជាតិ