អ្នកភូមិ​សុ​វណ្ណា​បៃតង​នៅ​ខេត្តកោះកុង​ក្លាយជា​ដៃគូ​អភិរក្ស​ដ៏​សំខាន់​ក្នុង​សហគមន៍​ការពារ​ធម្មជាតិ​

AKP កោះកុង ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០–​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ​គឺជា​អតីត​អ្នក​ធ្លាប់​រស់នៅ​តំបន់​អភិរក្ស​តាម​ដងស្ទឹង​ព្រាត់ និង​តំបន់​ជី​ផាត ត្រូវបាន​រាជរដ្ឋាភិបាល​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់​អភិរក្ស​ទាំង​នោះមក​រស់នៅ​ភូមិ​បង្កើត​ថ្មី​ឈ្មោះ​ភូមិ​សុ​វណ្ណា​បៃតង​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០០៤ មកដល់ពេលនេះ​មាន​រយៈពេល​១៦​ឆ្នាំ​បាននិងកំពុង​រស់នៅក្នុង​ជីវភាព​ថ្មី​យ៉ាង​សុខសាន្ត​និង​បាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈប្រយោជន៍​នៃ​ការការពារ​ធនធានធម្មជាតិ​។

​​ក្នុង​ការកសាង​ជីវភាព​ថ្មី​ប្រជាពលរដ្ឋ​បានទទួល​ដី​ភូមិ ដីចម្ការ ពី​រាជរដ្ឋាភិបាល​បែងចែក​និង​ទទួលបាន​ការគាំទ្រ​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ជួយ​រៀបចំ​វិធីសាស្ត្រ​ដាំ​ដុះ ផ្តល់​ពូជ​ដំណាំ និង​រក​ទីផ្សារ​លក់​កសិផល​យ៉ាង​ទៀងទាត់​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​បាន​រស់​ស្រួល​ដោយ​មិនចាំបាច់​ចេញទៅ​កាប់​ព្រៃ ឬ​បរបាញ់​សត្វព្រៃ​លក់​ទៀតឡើយ​។​
​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៩​ទី​១០​កក្កដា​ឆ្នាំ​២០២០​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពីមុន​ប្រជាពលរដ្ឋ​ទាំងនេះ​រស់នៅ​ដោយ​ធ្វើស្រែ​ចំការ ជា​របៀប​ស្រែចំការ​ពនេចរ គាត់​កាត់​ទន្ទ្រាន​ដី ដើម្បី​ដាំ​ស្រូវ ហើយ​កាប់​កន្លែង​ផ្សេងទៀត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ប៉ះពាល់​ដល់​ជីវៈចម្រុះ​សត្វព្រៃ​ផ្សេងៗ​។

​ប៉ុន្តែ​ពេល​មានការ​គាំទ្រ​ពី​គម្រោង​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មានការ​ផ្លាស់ប្តូរ​ប្រជាពលរដ្ឋ​មក​រស់នៅ​ក្នុងភូមិ​សុ​វណ្ណា​បៃតង ធ្វើឱ្យ​តំបន់​អភិរក្ស​មាន​សុវត្ថិភាព ហើយ​សត្វ​ព្រៃឈើ​ត្រូវបាន​ថែរក្សា​និង​សម្បូណ៌​ឡើងវិញ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​សត្វ ព្រមទាំង​បាន​ទស្សនា​ទេសភាព​ព្រៃឈើ​ដ៏​ល្អ​ស្អាត​ទៀតផង​។​
​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​«​គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការការពារ​តំបន់​អភិរក្ស​របស់​យើង​ឱ្យបាន​គង់វង្ស​នេះ​គឺ​ក្នុងទិសដៅ​មួយ​ប្រែក្លាយ​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍​បង្កើត​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ហើយ​ផ្តល់​ផលប្រយោជន៍​ទៅឱ្យ​ប្រជាពលរដ្ឋ​ដូចជា ករណី​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ជាដើម​»​។​
​បើតាម ឯកឧត្តម នេត្រ ភក្ត្រា ប្រជាជន​រហូត​៩៥​ភាគរយ​រហូតមកដល់​ពេលនេះ​គាត់​រីករាយ​សប្បាយចិត្ត​និង​ទទួលបាន​ផល​ពី​អេកូ​ទេសចរណ៍​នេះ​ហើយពី​ទេសចរណ៍ធម្មជាតិ​ពី​ការ​ទស្សនា​សត្វព្រៃ​ពី​សំណាក់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​។

​​លោក អាត់ ណុ​ច ប្រធាន​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ភូមិ​សុ​វណ្ណា​បៃតង​បានឱ្យដឹងថា​ប្រជាកសិករ​សប្បាយចិត្ត​ដោយសារ​គាត់​ទទួលបាន​ដី​អចិន្ត្រៃយ៍​ស្របច្បាប់​ហើយ​គាត់​ទទួលបាន​នូវ​ចំណេះដឹង​ពី​បច្ចេកទេស​កសិកម្ម​នៅ​មូលដ្ឋាន​របស់គាត់​ដែល​គាត់​ដាំ​ដុះ​ដំណាំ​ជា​យុទ្ធសាស្ត្រ​នៅក្នុង​ដី​ឡូ​តិ៍​នីមួយៗ​របស់គាត់​បាន​ជោគជ័យ​ហើយ​ជីវភាព​ល្អប្រសើរ​ជាង​គាត់​រស់នៅ​តំបន់​ផ្សេងៗ​។
​កាល​មុន​គាត់​រស់នៅ​ព្រៃភ្នំ​គាត់​ប្រកបមុខរបរ កាប់ឆ្កា​ព្រៃឈើ​យក​ផល កាប់ចំការ​ព​នេ​រ បរបាញ់​សត្វ ដាក់​អន្ទាក់ គាត់​បង្វិល​មក​រស់នៅ​ក្នុងភូមិ​នេះ ធ្វើ​កសិកម្ម​អចិន្ត្រៃយ៍​ដោយមាន​គម្រោង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ជា​អ្នក​ជួយឧបត្ថម្ភ​ជ្រោមជ្រែង​។​«​គាត់​សប្បាយចិត្ត​មាន​សាលារៀន​នៅ​ជិត​ផ្ទះ មាន​មន្ទីរពេទ្យ​នៅ​ជិត មាន​ផ្សារ​នៅ​ជិត​វា​ងាយស្រួល កូន​អ្នកភូមិ​មួយចំនួន​វា​បាន​រៀន​ចប់​បាន​ទៅ​សិក្សា​នៅ​ភ្នំពេញ​បាន​ដល់​មហាវិទ្យាល័យ​ដូច​អ្នក​នៅ​តំបន់​ផ្សេងៗ​ដែរ​។​

លោក ប្រធាន​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ភូមិ​សុ​វណ្ណា​បៃតង​បានឱ្យដឹង​ទៀតថា ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ​មាន​ស្ថាន​ភាពល្អ​គួរឱ្យកត់សម្គាល់ គាត់​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​គាត់​ទទួលផល​បាន​គ្រប់ មុខ​ដំណាំ ។​ដើម្បីឱ្យ​សហគមន៍​មាន​និរន្តរភាព យូរអង្វែង​សហគមន៍​បាន​បង្កើត​ចំការ​ដំណាំ ធំ​មួយ​ដែលមាន​ផ្ទៃដី​២០​ហិកតា ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ មាន​ចំនួន​៣​មុខ ទូ​រេ​ន​១៦៨៧​ដើម សាវម៉ាវ​៣៥០​ដើម តា​ង៉ែ​ន​១៤៩២​ដើម​។​បច្ចុប្បន្ន​ដំណាំ​ទាំងនោះ​រៀន​ទទួលផល​បណ្តើរៗ​ហើយ​និង​លក់បាន​ថវិកា​យកមក​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ទាំងមូល​ដូចជា ជួសជុល​ផ្លូវ ជួសជុល​ម៉ាស៊ីនបូមទឹក ជួសជុល​ត្រាក់ទ័រ និង​ជួសជុល​ឡាន​សម្រាប់​ដឹកជញ្ជូន​កសិផល​និង​ជួយ​ដល់​ចាស់ជរា​ក្មេង​កំព្រា​អត់​ទីពឹង​នៅក្នុង​សហគមន៍​។​«​គាត់​មិនមែន​គំនិត​ចង់​វិលត្រឡប់​ទៅវិញ​ទេ​ដោយសារ​គាត់​យល់​ពី​ប្រយោជន៍​នៃ​ការអភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ អ្វីដែល​គាត់​ធ្វើ​កន្លងមក​ដោយសារ​គាត់​អត់​បាន​យល់​តែ​ឥឡូវ​គាត់​យល់​កាន់តែច្បាស់​ហើយ​និង​ក្លាយជា​ដៃគូ​អភិរក្ស​ជួយ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​រាល់ពេល​ឃើញ​បទល្មើស​កើតឡើង​»​។​

​លោក ហ៊ុន ម៉ា​រ៉ា​ឌី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ក៏បាន​ឱ្យដឹងថា យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន​ក៏ដូចជា​មន្ទីរ​បរិស្ថាន ធ្វើយ៉ាងណា​យើង​នឹង​ពង្រីង​សហគមន៍​តំបន់​ការពារ​ឱ្យបាន​ច្រើន ព្រោះថា ប្រជា​សហគមន៍​នេះហើយ​ជា​អ្នកចូលរួម​ការពារ នឹង​ប្រើប្រាស់​ធនធាន គាត់​ដូចជា​សមត្ថកិច្ច​ក្នុង​ក្របខណ្ឌ​ជា​ប្រជាពលរដ្ឋ ព្រោះ​ធនធាន​ទាំងអស់នេះ​ជា​ធនធាន​របស់​ប្រជាពលរដ្ឋ គាត់​ជួយ​ការងារ​រដ្ឋាភិបាល​ក្នុង​ការងារ​អភិរក្ស​។​
​លោក គង់ ប៊ុន​ឈាន ប្រជាកសិករ​ធ្លាប់​បរបាញ់​សត្វ​និង​ដាក់​អន្ទាក់​ចាប់​ឈ្លូស និង​សត្វព្រៃ​ដទៃទៀត​បាន​និយាយថា លោក​បាន​ងាក​មក​ដាំ​បន្លែ ដាំ​ស្វាយចន្ទី និង​ដំណាំ​យុទ្ធសាស្ត្រ​ជាច្រើន​មុខ​ទៀត​អាច​លក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​។​លោក​ថា លោក​ឈប់​បាញ់​សត្វព្រៃ​និង​កាប់​ព្រៃឈើ​ទៀតហើយ បន្ទាប់ពី​បាន​យល់ដឹង​ពី​គុណប្រយោជន៍​នៃ​ការថែរក្សា​សម្បត្តិ​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​អាច​នឹង​ផ្តល់​ចំណូល​ដល់​សហគមន៍រ​ប​ស់លោក​៕ គង់ សិរី​រ័ត្ន​,​រូប​ថ​តៈ អ៊ុន រិទ្ធី​