ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ បន្ដចុះកិច្ចសន្យាទទួលទិញស្រូវសរីរាង្គ ៦ពាន់តោន ពីកសិករខេត្តព្រះវិហារក្នុងឆ្នាំ២០២០នេះ

AKP ព្រះវិហារ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះអនុស្សរណៈយោគយល់គ្នា និង កិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហភាព សហ គមន៍ កសិកម្មព្រះវិហារមានជ័យ ខេត្តព្រះវិហារ និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍(Golden Rice) ពិធីចុះអនុស្សរណៈនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក មុត ភិសិទ្ធិនា អភិ បាល រងខេត្តព្រះវិហារ លោកឧកញ៉ា សុខ ហាចអគ្គនាយកក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ធួនសាន្ដ ប្រធានក្រុមប្រឹក្សាភិ បាល របស់សភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ កាលពីថ្ងៃសុក្រ ៥រោចខែអាសាឍ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

លោក ពឹង ទ្រីដា បានលើកឡើងថា ស្រូវនៅខេត្តព្រះវិហារមានតម្លៃខ្ពស់ជាងបណ្ដា ខេត្ត ផ្សេងៗតាមរយៈការចាប់ដៃគូផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងក្របខ័ណ្ឌកសិកម្ម តាមកិច្ចសន្យា ជាមួយក្រុមហ៊ុន ចាប់ពីថ្ងៃនេះទៅស្រូវមានម្ចាស់ហើយ។ លោកបានណែនាំដល់ កសិករ ផលិត ស្រូវទាំងអស់ ត្រូវគោរពទៅតាមកិច្ចសន្យាដែលមានភាពស្មោះត្រង់មិនក្លែងបន្លំចៀសវាងការ លក់ស្រូវទៅឱ្យអ្នកផ្សេង ជាពិសេសត្រូវរក្សាកេរ្តិ៍ឈ្មោះសហគមន៍របស់ខ្លួនឱ្យបានល្អជាមួយ នឹង ក្រុមហ៊ុន ដៃគូ គឺធ្វើយ៉ាងណាត្រូវបង្កើតនូវផលិតផលប្រកបដោយគុណភាពឆ្ពោះទៅកាន់ ទីផ្សារដើម្បីបង្កើននូវប្រាក់ចំណូលខ្ពស់។ លោកប្រធានមន្ទីរបានបន្ថែមថា មានសហគមន៍ កសិកម្មចំនួន០៨ បានចូលរួមបន្តអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន Golden Rice លើបរិមាណស្រូវសរីរាង្គចំនួន៦, ០០០តោន ដោយកើនបរិមាណលើស ឆ្នាំ ២០១៩ប្រមាណជាជិត២០០ភាគរយ ដែលកាលនៅឆ្នាំ២០១៩ ក្រុមហ៊ុន Golden Rice បាន ចុះកិច្ច សន្យាជាមួយសហគមន៍ទិញតែ៣,០០០តោនប៉ុណ្ណោះ

លោកបានបន្ដទៀតថា បច្ចុប្បន្ននេះ ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ដែលមានការចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់។ ទន្ទឹម នេះ នៅក្នុងឆ្នាំ២០១៩កន្លងទៅ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណសរុបចំនួន២២,៤៦៥តោន ដែលមានសមាជិកចូលរួម ផលិតចំនួន៥,៣៤១គ្រួសារ លើផ្ទៃដីសរុបចំនួន១៤,៧៦៩ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុន ចំនួន ៣គឺក្រុមហ៊ុនអែមរុរ៉ាយស៍ ក្រុមហ៊ុន ស៊ិកនេតឈរអស្វអេសា និងក្រុមហ៊ុន ហ្គោល ដេន រ៉ាយស៍។

លោកឧកញ៉ា សុខ ហាច អគ្គនាយកក្រុមហ៊ុនហ្គោលដិនរាយស៍(Golden Rice) បាន មានប្រសាសន៍ថាដោយសារតែខេត្តព្រះវិហារពោរពេញទៅដោយសក្តានុពលកសិកម្ម និង មានលក្ខណៈសរីរាង្គក្រុមហ៊ុនបានសម្រេចចិត្តចូលរួមវិនិយោគជាមួយកសិករនៅខេត្ដព្រះវិហារ ក្នុងការទទួលទិញស្រូវសរីរាង្គក្នុងតម្លៃខ្ពស់សមរម្យ។ លោកឧកញ៉ាបន្តថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនបានចុះកិច្ចសន្យាបញ្ជាទិញស្រូវនូវបរិមាណតែជាង ៣ពាន់តោន ប៉ុណ្ណោះតែដោយឡែកក្នុងរដូវកាលឆ្នាំ ២០២០២០២១នេះ ក្រុមហ៊ុនព្រមបន្តទទួលទិញ ស្រូវ សរីរាង្គពីសហគមន៍រហូតដល់ទៅ ៦ពាន់តោន ហើយនៅឆ្នាំក្រោយៗទៀតបរិមាណនៃការ ទទួលទិញនឹងកើនឡើងជាបន្តបន្ទាប់ទៀត។

តែទោះជាបែបនេះក្តីលោកឧកញ៉ាក៏បានស្នើដល់សមាជិកសហគមន៍ទាំងអស់ត្រូវគោ រពទៅតាមគោលការណ៍កិច្ចសន្យាពិសេសគឺស្តង់ដារសរីរាង្គ។ ជាមួយគ្នានេះ ក្រុមហ៊ុនហ្គោល ដិន រាយស៍(Golden Rice) នៅឆ្នាំខាងមុខៗទៀតមិនត្រឹមតែទិញស្រូវសរីរាង្គតែមួយមុខ ប៉ុណ្ណោះទេ គឺទិញផលិតផលផ្សេងទៀតពីកសិករនៅខេត្ដព្រះវិហារមានដូចជា ម្រេច ដំឡូងមី សេរីរាង្គជាដើម ដើម្បីចូលរួមធ្វើឱ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន និង ជួយ ដល់កសិករឱ្យបានខ្លាំងក្លាជាងមុន

លោក មុត ពិសិដ្ឋនា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីបញ្ហា ទីផ្សារកសិកម្មសម្រាប់កសិករដើម្បីឱ្យកសិករមានជីវភាពល្អប្រសើរឡើងដូចជាថ្ងៃនេះ ក្នុង ក្របខ័ណ្ឌកសិកម្មតាមកិច្ចសន្យាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់គ្រប់ ភាគី ចំណែកភាគីកសិករមិនបារម្ភលើបញ្ហាកង្វះទីផ្សារទៀតឡើយ ដោយសារទីផ្សារបានមកដល់ ផ្ទះ របស់បងប្អូនប្រជាកសិករយើងស្រាប់។ លោកអភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ទីរកសិកម្មខេត្តព្រះវិហារវិស័យឯកជន និងសហគមន៍ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីលើកកម្ពស់វិស័យកសិកម្ម និងជីវភាព គ្រួសារប្រជាកសិករបានយ៉ាងល្អ។

សូមបញ្ជាក់ថា ស្រូវសរីរាង្គរបស់កសិករនៅក្នុងខេត្តព្រះវិហារដែលជា ខេត្តផលិតបាន ស្រូវសរីរាង្គដ៏ធំជាងគេត្រូវបានក្រុមហ៊ុនហ្គោលដិនរាយស៍(Golden Rice) បន្តទទួលទិញស្រូវ សរីរាង្គពីសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តព្រះវិហារចំនួន៦ពាន់តោន សម្រាប់រដូវកាល ឆ្នាំ ២០២០២០២១ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ ទិត ស្រ៊