និស្សិតកម្ពុជា នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ចំនួន ៨០នាក់ វិលត្រឡប់មកមាតុភូមិវិញ ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ —

និស្សិតកម្ពុជាចំនួន ៨០ នាក់ ដែលសិក្សានៅប្រទេសអារ៉ាប់ប៊ីសាអូឌីត បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពាណិជ្ជកម្មពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខMH762 ចេញពីទីក្រុងគូឡាឡាំពួរ បានមកដល់ទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដោយមាននិស្សិតកម្ពុជាចំនួន ៨០នាក់ រួមជាមួយពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ីចំនួន ១៤ នាក់ផ្សេងទៀត។

ឯកឧត្ដម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានចែកម៉ាសដល់និស្សិតទាំងអស់ មុនពេលពួកគេចេញដំណើរមកភ្នំពេញ។

ស្ថានឯកអគ្គរាជទូតបានបន្តទៀតថា និស្សិតទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី និងអេហ្ស៊ីប ដែលបានជួយសម្រួលឱ្យពួកគេបានវិលត្រលប់មកមាតុភូមិវិញ។

យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ របស់ប្រជាពលរដ្ឋ ពលករ ពលការនី និងសិស្សនិស្សិតកម្ពុជា បានចំនួន០៥លើក សរុបមានចំនួន ៦២៣ នាក់ ៕

ដោយ៖នីកា