បទយកការណ៍ៈ ខេត្តព្រះសីហនុកំពុងរង់ចាំប្រជាពលរដ្ឋ ទៅមើលភាពអស្ចារ្យនៃការអភិវឌ្ឈន៍

AKP ព្រះសីហនុ ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២០–
ឈរនៅពីលើទីខ្ពស់បំផុតមួយនៅខេត្តព្រះសីហនុ វាពិតជាមិនអាចនឹងស្ញើចសរសើរមិនបាននូវទិដ្ឋភាព នៃការអភិវឌ្ឈន៍នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ និង ការខិតខំរៀបចំរបស់អាជ្ញាធរខេត្តបើទោះបីជាការខិតខំនេះនៅមិនទាន់បានសម្រេច១០០ ភាគរយ ក៏ដោយប៉ុន្តែវាគ្រប់គ្រាន់នឹងអាចឲ្យមនុស្សម្នាភ្ញាក់ផ្អើលនឹងទិដ្ឋភាពនេះបាន ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះខេត្តព្រះសីហនុ មានសំណង់ដែលមានកំពស់ពី៥ ជាន់ទៅដល់ ៥៣ ជាន់ ចំនួន ៥៤០ គម្រោង ។

លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា នៅក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹង ក្លាយជាទីក្រុងដ៏មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឈន៍លើគ្រប់វិស័យ ។

លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត ប៉ុន្តែ ជារួម លើផ្នែកសំណង់នេះ គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែ មិថុនា ឆ្នាំ២០២០ ខេត្តព្រះសីហនុ គឺមាន គម្រោងសាងសង់១.៣៨២ គម្រោង ដែលមានផ្ទៃក្រឡាសរុប ១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លា ។

លោកបានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ ដែលគម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦៥ ការដ្ឋានថែម ទៀត ។

ក្រៅពីវិស័យសំណង់ដែលអាចបម្រើការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគក៏ដូចជាវិស័យ ទេសចរណ៍ចេញនោះ ច្រកចេញចូលនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលទ្រុឌទ្រោមដោយសារតែសំពាធនៃការអភិវឌ្ឈន៍នោះ ក៏កំពុង តែបានស្តារនិងស្ថាបនាឡើងវិញ ជាពិសេសគឺ ការដ្ឋានសាងសង់ផ្លូវក្រុងចំនួន ៣៤ ខ្សែរនៅខេត្ត ដែលចំណាយថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិក បានសម្រេចការសាងសង់បានប្រមាណជាជាង ៩០% ហើយ។

លោក ឃាង ភារម្យ បានថ្លែងថា ឥឡូវនេះអ្នកដំណើរអាចធ្វើដំណើរចូលមកកាន់ខេត្តព្រះសីហនុ បានគ្រប់ច្រក ។
លោកបានបញ្ជាក់ថា “ នេះគឺជាភាពអស្ចារ្យមួយនៃសមិទ្ធិផលដែលខេត្តព្រះសីហនុបានទទួល ហើយ ខ្ញុំស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក មកស្វែងយល់អំពីភាពអស្ចារ្យដែលមាននៅក្នុង ខេត្តនាបច្ចុប្បន្ន” ។

ជាមួយនឹងគម្រោងសាងសង់ដែលមានទាំងនេះ គេអាចនិយាយបានថា ខេត្តព្រះសីហនុ គឺជាខេត្តដែល មានសក្តានុពលផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឈន៍មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរាជធានី ភ្នំពេញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តជម្រុញឲ្យអ្នក វិនិយោគទុន បន្តមកអភិវឌ្ឈនៅក្នុងខេត្តនេះបន្តទៀត ។

លោកស្រី សេត មឿន ជាប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ហើយបានមកកំសាន្តនៅខេត្តព្រះសីហនុ បានថ្លែងនូវចំណាប់អារម្មណ៍របស់អ្នកមីងផ្ទាល់ថា វាពិតជាប្លែកមែន ដែលបានមកឃើញទិដ្ឋភាពផ្ទាល់នឹងភ្នែក។
អ្នកមីង បានបញ្ជាក់ថា “ ខេត្តព្រះសីហនុឥឡូវ ខុសពីខេត្តព្រះសីហនុ ៤ទៅ ៥ ឆ្នាំមុនដាច់ “ ។

លោកស្រី បានបន្តថា វាពិតជាសឹងមិនជឿនឹងភ្នែកនៅពេលដែលធ្វើដំណើរមកដល់រាមហើយយើងបទឆ្វេង ហើយធ្វើដំណើរតាមផ្លូវថ្មីដែលកំពុងតែស្ថាបនា ។

ប្រជាពលរដ្ឋខាងលើ បានបន្ថែមទៀតថា បើមិនបានមកហើយស្តាប់គេនិយាយគឺពិតជាមិនជឿថា ខេត្តនេះមាន ការអភិវឌ្ឈន៍ស្ទុះលឿនខ្លាំងបែបនេះសោះ ។

លោកស្រីបានបញ្ជាក់ថា “ ពីដំបូង ខ្ញុំគិតថា មានតែខេត្តសៀមរាបទេ ដែលមានការអភិវឌ្ឈន៍បន្ទាប់ពី ភ្នំពេញ ដឹងអី ឥឡូវខេត្តព្រះសីហនុរីកចម្រៀនសឹងតែមិនជឿនឹងភ្នែកខ្លួនឯង “ ។

ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រៅពីការងារកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធលូ សំណង់អាគារហើយនោះ អាជ្ញាធរខេត្ត ក៏កំពុងតែខិតខំនិងគិតគូរនៅក្នុងការកែលំអរនិងរៀបចំអភិវឌ្ឈន៍ឆ្នេរចាស់ដែលមាន ហើយក៏បានរៀបចំអភិវឌ្ឈន៍ឆ្នេរថ្មី ដើម្បីបង្កើនទីកន្លែងរមណីដ្ឋានឲ្យកាន់តែច្រើនសម្រាប់ សាធារណជន ។ ដោយឡែកទាកទងនឹងតម្លៃនៃការស្នាក់នៅហូបចុកនៅក្នុងអំឡុងពេល នេះតម្លៃក៏មានភាពសមរម្យផងដែរ ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ខេត្តកំពុងតែខិតខំរៀបចំដើម្បីស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ហើយក៏កំពុងតែត្រៀម ខ្លួនរៀបចំបុណ្យសមុទ្រជាថ្មីនៅចុងឆ្នាំនេះ៕ ដោយៈ ហេង បញ្ញា