ក្រសួងសាធារណការ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៣៩,៧៦ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដាន វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ លក្ខណៈបច្ចេកទេសផងដែរ

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃ ខែកក្កដា ឆ្នាំ២០២០ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេសតាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុន សាងសង់ កំពុងអនុវត្តន៍ការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានា គុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការសាងសង់ផ្លូវក្រវាត់ ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋា ភិបាល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយសក្ដានុពល ជាពិសេសរួមចំណែកដល់ការរំដោះការកកស្ទះចរាចរណ៍នៃយានយន្ត ដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីសារ សំខាន់នៃ សុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនប្រកប ដោយនិរន្តរភាព និងនាំមកជាមួយនូវកំណើនយានយន្តជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅក្នុងក្រុងជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សា លទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តន៍ត្រឹមត្រូវតាម កិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការ សាងសង់អាចទទួលយកបាន ហើយគិតត្រឹមថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០នេះ កំណាត់ផ្លូវនេះសម្រេចការសាងសង់បាន ចំនួន៣៩,៧៦ ភាគរយ និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែងសរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។ កំណាត់ផ្លូវ ក្រវាត់ក្រុង នេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត

ដោយ សួស សំរិត