លោកជំទាវ ហ៊ុន ដានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រ ក្នុងវិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារនារី និងយេនឌ័រ ក្នុងវិស័យទេសចរណ៍នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើវឌ្ឍនភាព ការងារក្នុង រយៈពេល០៦ខែ ដើមឆ្នាំ២០២០ ដែលមានការចូលរួមអនុវត្តន៍ការងារពីគ្រប់អង្គភាពនាយក ដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

លោកជំទាវ ហ៊ុន ដានី បានមានប្រសាសន៍ថា រយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់ជាអតិប្បរមាទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹង ភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេសតាមរយៈការបញ្ជ្រាបយ៉ាងស៊ី ជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដោយបានបញ្ចូលនូវសូចនា ករជាក់លាក់សម្រាប់តាមដានការអនុវត្ត។

លើបណ្តាទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ បានសរ សេរថា បើយោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ច បានបង្ហាញថា អត្រាស្ត្រីដែល ធ្វើការងារមានប្រាក់កម្រៃក្នុងវិស័យចម្បងៗដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម មានការរីកចម្រើន ទោះបីជាអត្រានោះមិនទាន់សម្រេចបានដល់ចំណុចដៅដែលបានកំណត់ ៥០ភាគរយក៏ដោយ។ដោយឡែក នៅក្នុងវិស័យទេសចរណ៍ ស្រ្តីគឺជាកម្លាំងចលករ ដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ ដែលមិនអាចខ្វះបាន ដែលបានចូលរួម ចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្រ្តី និងបង្កើនភាពអង់អាចដល់ស្រ្តីដែលជា មន្រ្តីរាជការក្នុងក្របខ័ណ្ឌក្រសួង និងស្រ្តីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជា ក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវបានបន្តថា ផ្តើមពីតួនាទីដ៏មានសារៈសំខាន់ ដែលបានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” ក្រសួងទេសចរណ៍តែងតែគាំទ្រដល់ការលើក កម្ពស់យេនឌ័រ នៅគ្រប់ដំណើរការការងាររបស់ខ្លួនស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានកោតសរសើរដល់គ្រប់ អង្គភាពនាយកដ្ឋាន មន្ទីរទេសចរណ៍ រាជធានី-ខេត្ត និងមន្ត្រីអនុវត្តន៍ទាំងអស់ ដែលបានខិតខំ បំពេញការងារប្រកបដោយការទទួលខុសត្រូវ ដើម្បីជំរុញកំណើនទេសចរឡើងវិញនៅក្នុងដំណាក់កាល និងក្រោយនៃវិបត្តិជំងឺកូវីដ-១៩៕

ដោយ សាយ សុន​ (រូបថត៖ ក្រសួង ទេសចរណ៍)