កិច្ច​ប្រជុំទ្វេភាគី រវាងរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ​

AKP ភ្នំពេញ ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០២០–

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។​

នៅក្នុង​ជំនួបនោះ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិ​និយម​ និងប្តេជ្ញាចិត្តថា នឹង​សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីស្ថានភាព និងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។

ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករ ជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការ វិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប (GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា មុននឹងឈានមកដល់ការប្រកាសជាផ្លូវការ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន៖ ១) ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ២) ការរៀបចំគោលការណ៍រួមនៃការចរចា ។ ៣) ការស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជ​កម្មបាន និងកំពុងអនុវត្តន៍នេះ ស្របតាម “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា” និង “យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤” ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕ ដោយ៖ទេស ច័ន្ទសុធារី