មន្ត្រីបរិស្ថាន ចុះពិនិត្យគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួង បរិស្ថាន អមដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន រួមជាមួយប្រតិភូក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានចុះពិនិត្យមើលគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ របស់ក្រុមហ៊ុន CAM-AG IMPORT EXPORT CO.,LTD នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា ទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាននាឱកាសនោះបានផ្តោតជាសំខាន់ លើបច្ចុប្បន្នភាពនៃសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ និងកិច្ចសហការលើការគ្រប់គ្រងធនធានធម្មជាតិ ដី ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ។

ប្រភពដដែលបន្តថា ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តឱ្យគម្រោងបន្តពង្រឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់អភិរក្សរបស់គម្រោង ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ធម្មជាតិ និងការអភិរឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំផងដែរដល់មន្រ្តីឧទ្យានុរក្សពង្រឹងស្មារតី និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។

ប្រភពខាងលើបញ្ជាក់ថា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គ្របដណ្តប់លើផ្ទៃដី ៤០២.៥០០ហិកតា ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង ខេត្តសៀមរាប ៕ ដោយ៖ពេជ្រ ណារិទ្ធ