តំណាងរាស្ត្រ ចូលរួមដាំកូនឈើចម្រុះនៅបរិវេណវត្តភ្នំបេង អបអរសាទរពិធីបុណ្យរុក្ខទិវា៩  កក្កដា

AKP រតនគិរី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០–

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២០នេះ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការ​ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋទាំង៤ភូមិក្នុងសង្កាត់ការចាញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩​ ខែកក្ក ដា​ ឆ្នាំ២០២០ បានចូលរួមដាំកូនឈើចម្រុះចំនួន ៦៤០ដើម នៅបរិវេណវត្តភ្នំបេង ស្ថិតនៅភូមិ២ សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី ។

ឯកឧត្តម ប៊ូ​ ឡាំ​ បាន​មាន​ប្រសាសន៍​ថា ពិធីដាំកូនឈើនៅ​​ពេល​នេះ គឺ​ពិតជា​មាន​អត្ថន័យ​ និង​សារៈ​សំខាន់​យ៉ាង​ជ្រាលជ្រៅ​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា ក៏​ដូចជា​ការបំផុសស្មារតី​ប្រជា​ពល​រដ្ឋ និង​​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ដាំ​ដុះ​ និង​ថែរក្សា​ការពារព្រៃឈើ​ សំដៅ​ប្រែក្លាយ​តំបន់​ឱ្យ​មាន​ភាពស្រស់បំព្រង និង​អភិវឌ្ឍន៍​ព្រៃ​ឈើ​ឱ្យ​កាន់តែ​សម្បូរ​ឡើង​ថែម​ទៀត សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​ និង​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ជា​កិច្ចការពារបរិស្ថាន​ទៀត​ផង។

ឯកឧត្តមតំណាងរាស្រ្ត ក៏​បាន​រម្លឹក​ដល់​ការ​អនុវត្ដ​ច្បាប់​ចំពោះ​​​​មុខ ដើម្បី​ទប់ស្កាត់បង្ក្រាប និង​លុប​បំបាត់​ការ​កាប់​រាន ដុត​ ឈូស​ឆាយ និងហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃឈើ​របស់​រដ្ឋ​ដែល​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​ជា​ច្រើន និង​បទប​ញ្ជា​ក្នុង​ការ​ថែរក្សា​ការពារ​ និង​ពង្រឹង​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​គ្រប់គ្រង​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ​​ពី​ការ​បំផ្លាញ​ ទន្ទ្រាន និង​ការ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ ​ដែល​​ជា​ប្រភព​គ្រោះថ្នាក់​នាំ​ឱ្យ​មាន​ទំនាស់​ដីធ្លី ក៏​ដូច​ជា​អំពើ​ពុក​រលួយ​ផង​ដែរ។

ឯកឧត្តម ប៊ូ ឡាំ បានអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ អាជ្ញា​ធរមាន​សមត្ថកិច្ច កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​អនុវត្ដន៍​គោរព​​តាម​ដោយ​ស្មារតី​យកចិត្ដទុកដាក់ហើយ​ប្រែក្លាយ​ទៅ​ជា​សកម្ម​ភាព​​អបអរ​សា​ទរ ​ភ្ញាក់​រលឹក​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ​​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា​នៅ​តាម​វត្ដ​អារាម ភូមិឋាន ទី​សាធា​រណៈ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​យើង។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះកូនឈើទាំង ៦៤០ដើម ត្រូវដាំក្នុងបរិវេណវត្ត រួមមាន៖ កូនឈើប្រភេទដើមបេង ធ្នុង គគី ត្រាច ដើមពោធិ៍ ដើមក្ងោក និង ដើមផ្កា ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)