រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពន្លឿនការចុះបញ្ជីដីរដ្ឋ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុកផងដែរ ។

លោក លៀម សុដា មានប្រសាសន៍ថា ដោយសារតែកន្លងមកមន្ទីរ អង្គភាពរដ្ឋមួយចំនួនធំមិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋ បង្កឱ្យមានជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសបាននូវទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ខេត្តរបស់យើង ។

លោក អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋ ឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញ-ចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ដូចតទៅ ទី១.មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា។ ២.តើការចុះបញ្ជីដីរដ្ឋបានប៉ុន្មានកន្លែងរួចមកហើយ និងទំហំ ។ ៣.តើនៅសល់ដីប៉ុន្មានកន្លែងដែលមិនទាន់បានចុះបញ្ជី ។

ចំពោះមន្ទីរ អង្គភាពណា មានការប្តឹងជំទាស់ក្នុងពេលចុះបញ្ជីលើផ្ទៃដីទំហំប៉ុន្មាន ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ម្យ៉ាងទៀតត្រូវបំពេញសំណុំឯកសារឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយើងធ្វើការពន្លឿនការចុះបញ្ជីដីរដ្ឋនៅក្នុងខេត្តព្រះសីហនុ ត្រូវបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ។ នីតិវិធីនៃការចុះបញ្ជីដីរដ្ឋតាមក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ តាមរយៈច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត ដើម្បីកាត់បន្ថយទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ ៕ ដោយ៖ងូ សុមុនី