សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

១. អ្នកជំនាញបាននិយាយថា ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យចំណូលរបស់កសិករធ្លាក់ចុះនិងស្បៀងអាហារ និងផលិតផលស្រស់ ៗ ឡើងថ្លៃ ហួសពីកម្រិតជីវភាពរបស់ពលរដ្ឋ ។វីរុសរាតត្បាតកូវីដ១៩កំពុងប៉ះពាល់ដល់ខ្សែ សង្វាក់នៃតម្លៃម្ហូបអាហារដោយសារវិធានការបិទប្រទេសនិងការរឹតត្បិតការនាំចេញដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។បញ្ហានេះបានជះឥទ្ធិពលអាក្រក់ដល់ជម្រើស ចំនីអាហារ របស់អ្នកប្រើប្រាស់និងបង្កការគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់ជនក្រីក្រនិងជនងាយរងគ្រោះផងដែរ។

២.កូរ៉េខាងត្បូង៖ សមាជិកសភារបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ៨ខែកក្កដាថាប្រទេសកូរ៉េខាងត្បូង បានស្នើដល់រោងចក្រផលិតឱសថអាមេរិកឈ្មោះហ្សីលីដ (Gilead) ឲ្យផ្គត់ផ្គង់ឲ្យបានគ្រប់គ្រានូវថ្នាំរេមដេសស៊ីវា (remdesivir) ដើម្បីធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួនជាង៥.០០០នាក់ព្រមទាំងដើម្បីរៀបចំទប់ ទល់នឹងការ ឆ្លងនៃរលកទីពីរ។ប៉ុន្តែមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីរោងចក្រផលិតឱសថនោះនឹងត្រូវផ្គត់ផ្គង់ថ្នាំនោះស្ទើរតែ ទាំងអស់ឲ្យទៅសហរដ្ឋអាមេរិកក្នុងរយៈពេលបីខែខាងមុខនេះ។

៣.កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រើប្រាស់ដ្រូនចំនួន ៣០០គ្រឿងហោះសម្តែងអំណរគុណ ដល់បុគ្គលិកជួរមុខនិងដើម្បីលើកទឹកចិត្តដល់ប្រជាជនឱ្យបន្តធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩។ដ្រូនទាំងនោះត្រូវបានបង្ហោះដោយបង្កើតជារូបភាពរបស់បុគ្គលិកពេទ្យនៅក្នុងឧបករណ៍ការពារ រួមជាមួយរូបភាពនៃការលាងដៃ, មនុស្សពាក់ម៉ាសមុខនិងមនុស្សដែលស្ថិតនៅគម្លាតគ្នាទៅវិញទៅមក។

៤.ឥណ្ឌូនេស៊ី៖ រដ្ឋធានីចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្តឡើងវិញ នៅក្នុងសប្តាហ៍នេះ ទោះបីជាករណីឆ្លងវីរុសកូវីដ១៩ថ្មីបានឈានដល់កម្រិតខ្ពស់បំផុតដល់ទៅ ៣៥៧ករណី ក្នុងមួយថ្ងៃ កាលពីថ្ងៃទី៨ ខែកក្កដានេះក៏ដោយ ។ រោងភាពយន្តនឹងបើកដំណើរការឡើងវិញដោយកំនត់ ដាក់មនុស្សតែពាក់កណ្តាលប៉ុណ្ណោះ ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គមជានិច្ច។

អត្ថបទ ឆាយ វីកាល