ចាស់ជរា​មាន​ជំងឺ នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម បានទទួល​អំណោយ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ព្រៃនប់​

AKP ព្រះសីហនុ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០
​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ លោក ហេង សុ​វណ្ណា សមាជិក​ក្រុមការងារ​របស់ រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​សួរ​សុខ​ទុក និង​នាំយក អំណោយ​សង្គ្រោះបន្ទាន់ ឧបត្ថម្ភ​ជូន​លោកយាយ ចេ​ន សេន អាយុ ៨៣​ឆ្នាំ ជា​ជន​ចាស់ជរា មាន​ជំងឺ ស្នាក់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក ហេង សុ​វណ្ណា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត ព្រះសីហនុ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខ​ទុក​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ឱ្យ ក្រុមការងារ​បន្ត​ការយកចិត្តទុកដាក់​អំ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​មូល ដ្ឋា​ន​ដោយ មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ នយោបាយ គឺ​ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះខាត​ស្បៀងអាហារ​ស្លាប់​ដោយសារតែ​យើង​មិន​បានដឹង​នោះទេ ម្យ៉ាងទៀត​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ពេញ​សកលលោក​។
​លោក ហេង សុ​វណ្ណា ក៏បាន​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ថែរក្សា ការពារ ទប់ស្កាត់​ជំងឺ Covid-19 ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កុំឱ្យ​រលក​ទី​២​ឆ្លង​ចូលដល់ សហគម​មូលដ្ឋាន​។ យើង​ត្រូវ​រួមគ្នា​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​ថែរក្សា​អនាម័យ​សុខភាព​ផ្ទាល់ខ្លួន ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ជែ​ល អាល់កុល ឱ្យបាន​ញឹកញាប់ ប្រសិនបើ​ចេញទៅ​កាន់​ទីសាធារណៈ​ត្រូវ​ពាក់​ម៉ាស់ ឬ​កន្សែង​ជាប់​ជាប្រចាំ​។

​លោក ហេង សុ​វណ្ណា ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​តាមដាន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាប់​ជាប្រចាំ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ខ្វះខាត​ស្បៀងអាហារ ត្រូវ​រាយការណ៍ មក​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ឬ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក ខេត្ត​ព្រះសីហនុ ដើម្បី​យើង​មាន​វិធានការ ដោះស្រាយបាន​ទាន់ពេលវេលា​។​
​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​លោកយាយ​ចាស់ជរា​មាន​ជំងឺ នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ទទួលបាន​អង្ករ ៥០​គីឡូក្រាម​, មី​២​កេស​, ត្រីខ​១​យួ ទឹកដោះគោឆៅ , ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ប៊ីចេង​១​គីឡូក្រាម​, ស្កសរ ១​គីឡូក្រាម ប្រេងឆា ៥​លីត្រ​, ទឹកបរិសុទ្ធ ជែ​លលា​ង​សម្អាត​ដៃ និង​មួយចំនួន​ថវិកា​ទៀត​។​
​គួររម្លឹកថា កន្លងមក​លោក​ក៏បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ និង​ចាស់ជរា​គ្មាន​ទីពឹង​នៅតាម​ឃុំ​មួយចំនួន​ក្នុងស្រុក​ព្រៃនប់ មានដូចជា ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ ឃុំ​រាម បានជា​បន្តបន្ទាប់​៕ ដោយ ងូ សុ​មុនី​