ឯកឧត្តម ឃួ​ង ស្រេង​៖ ដំណើរការ​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ សម្រេចបាន​ជាង ៩០​ភាគរយ

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០
​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​រាជធានី នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា ដំណើរការ​ផ្តល់​សាច់ ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​តម្លាភាព និង​គ្មាន​ការ​កឹ​ប​កេង​សាច់ប្រាក់​របស់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ទាំងនោះ​ឡើយ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្តន៍​ដំណើរការ​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការប្រុងប្រយ័ត្ន​ជាទីបំផុត ពោលគឺ​មិនឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ប្រព្រឹត្ត​នូវ​អំពើ​មិន​ប្រក្រតី​ណាមួយ​ជាដាច់ខាត​។

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា តាមរយៈ​ការ ខិតខំ​ប្រឹង ប្រែង​នេះ​បានធ្វើឱ្យ​ដំណើរ​ការងារ​ផ្តល់​សាច់ប្រាក់​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។
​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​បានឱ្យដឹងថា មកដល់​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា​នេះ រាជធានី​ភ្នំពេញ​សម្រេច បាន​៩៣​ភាគរយ​ហើយ លើ​ដំណើរការ ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ជាង​១​ម៉ឺន​៨​ពាន់​ប័ណ្ណ ពោលគឺ​នៅសល់តែ ជាង​៦០០​ប័ណ្ណ​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​ទទួល​។ អ្វីដែល​រាជធានី​ភ្នំពេញ​សម្រេច បាន​ជោគជ័យ​នេះ គឺ​ដោយសារ រដ្ឋបាល​រាជធានី​ដោយបាន​បង្ខិត​សេវា​កៀក និង​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​ប្រឈម បាន​ទាន់សភាពការណ៍​ជាមួយនឹង​អាជ្ញាធរ​នៅ​មូលដ្ឋាន ដូច្នេះ រាជធានី​ភ្នំពេញ​គ្មាន​បាតុភាព​ការ​កាត់​ប្រាក់​របស់​ជនក្រីក្រ​ឡើយ​៕ ដោយ សួស សំរិត​