លោកជំទាវ ម៉ែន សំអន​៖ ប្រទេស​គុយបា ជា​ប្រទេស​ទី​៤ ដែល​បានមក​ដាក់​ទូត​នៅ​កម្ពុជា បន្ទាប់ពី ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០
​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួល​ជួប​លោកជំទាវ លី​អឹ​កា រ៉ូ​ឌ្រី​ហ្គេ បារី​យ៉ូ​ស (Liurka Rogriguez Barrios) ឯកអគ្គរដ្ឋទូត​ប្រទេស​គុយបា ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​គោលបំណង​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ពី​ទំនាក់ទំនង​ការទូត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ។
​ ​
​លោកជំទាវ ម៉ែន សំអន ក៏បាន​អគុណ​ចំពោះ​រដ្ឋាភិបាល​គុយបា តាមរយៈ​នៃ​ជំនួប​នេះ កម្ពុជា​មិនអាច​បំភ្លេច​បានទេ​នូវ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដែលមាន​រយៈពេល ៦០​ឆ្នាំ​មកនេះ ដោយបាន​ចាប់ផ្តើម​ឡើង​តាំងពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងអំឡុង​ឆ្នាំ​១៩៦០​។ ជាពិសេស​ទៅទៀត នៅក្រោយ​ថ្ងៃ​រំដោះ ៧​មករា​១៩៧៩ ដែល​កម្ពុជា​ទើបតែ​បាន​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋាភិបាល​គុយបា ក៏បាន​បញ្ជូន​មន្ត្រីការទូត​មកកាន់​ក​ម្ពុ​ជានា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​១៩៧៩​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់ថា នៅពេលដែល​កម្ពុជា​ត្រូវបាន​ប្រទេស លោកខាងលិច និង​បណ្តា​ប្រទេស​មួយចំនួន បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា ប្រទេស​គុយបា បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា សុខាភិបាល វប្បធម៌ អប់រំ និង​កីឡា​ជាដើម​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ បានចាត់ទុក​ប្រជាជន​គុយបា និង រដ្ឋាភិបាល​គុយបា​ជា​មិត្ត​ដ៏​ល្អ ដែល​បាន​ជួយ​ស្តារ​ប្រទេស​កម្ពុជា​មកដល់​បច្ចុប្បន្ន ។​
​ជាការ​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត​គុយបា បាន​រម្លឹកថា ប្រទេស​គុយបា ក៏​ធ្លាប់​ទទួលរង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដូច​កម្ពុជា​ដែរ តែ​យើង​ខិត​ងើប​ផុតពី​កត្តា ទាំងអស់នេះ​បាន​ដោយ​ជោគជ័យ​។ លោកជំទាវ ឯកអគ្គរដ្ឋទូត​បាន​យល់ឃើញថា កម្ពុជា ខុសពី​គុយបា ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​ងើប​ចេញ​ចំណុចសូន្យ ហើយ​បាន​ដឹកនាំ ទេស​ចេញពី​បាតដៃ​ទទេ រហូតដល់​មានការ​រីកចម្រើន​ដែល​នឹកស្មាន មិន​ដល់​នាពេល​បច្ចុប្បន្ន​។ ពិសេស​ជាងនេះទៅទៀត​នោះ ក្នុង​គ្រា ដែល​ពិភពលោក​កំពុង រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​កម្ពុជា​មិនមាន​អ្នក​កើត មិនមាន​ការរីក​រាល ដាល និង​មិនមាន​អ្នកស្លាប់ គឺ​មានតែ​ករណី​នាំ​ហូរ​ចូល​ពី​ប្រទេសក្រៅ​ប៉ុណ្ណោះ​។

​លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំរ បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ពង្រឹង ទប់ស្កាត់​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ដាក់ចេញ​នូវ​ផែន​ទ្រទ្រង់​ជីវភាព​របស់ ប្រជាជន​ខ្វះខាត​ដោយ​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ តាមរយៈ​នៃ​ការចុះ​ធ្វើ អត្តសញ្ញាណ្ណ​កម្ម​ក្រីក្រ​ដោយ​គណៈកម្មការ​វាយតម្លៃ តាំងពី​ថ្នាក់ជាតិ​រហូតដល់​មូលដ្ឋាន និង​ផ្តល់ជូន​ប័ណ្ណ​សមធម៌ ដើម្បី​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​
​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជូនពរ​ឱ្យ​ដំណើរ​បេសកកម្ម​ការទូត របស់លោក​ជំទាវ ទទួលបាន​ជោគជ័យ និង​ពង្រឹង​បាន​នូវ​កិច្ច​សហប្រតិបត្តិ​ថ្មី​បន្ថែមទៀត តាម រយៈ​នេះដែរ សុំឱ្យ​ខាង​គុយបា​ចូលរួម​លើកកម្ពស់​ដល់​នារី​កម្ពុជា ហើយ​ប្រសិនបើ​មាន ឱកាស លោកជំទាវ ឧបនាយករដ្ឋមន្ត្រី សូម​អញ្ជើញ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ទៅធ្វើ​ទស្សន កិច្ច​នៅតាម​សហគមន៍​នា​ខេត្ត​មួយចំនួន​ផងដែរ ៕ ដោយ សួស សំរិត​