ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០
​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន ក្រុមប្រឹក្សា​រាជធានី និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត​។

​លោក សេង វណ្ណៈ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​មិញ​នេះ​ថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ នៅ​រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ​បានកើត មាន​ឡើង​៣៤៨/៤០៧​លើក ថយចុះ​៥៩​លើក ស្លាប់​មនុស្ស​៣០​នាក់​/១៥​នាក់ របួស ៩០​នាក់​/៧៤​នាក់​។ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៣០​ករណី ឃាត់ខ្លួន​មនុស្ស​៤៦៥​នាក់ និង​បង្ក្រាប​តាម​ដីកា​២៦​ដីកា ឃាត់ខ្លួន​មនុស្ស​២៧​នាក់ ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ សាលា​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​លោក សេង វណ្ណៈ បាន​បញ្ជាក់ថា កម្លាំង​របស់​សមត្ថកិច្ច​បាន​បង្ក្រាប​ក្មេង ទំនើង​បាន​៣៤៧​ករណី ឃាត់ខ្លួន​៥២១​នាក់ ក្នុងនោះ​ពាក់ព័ន្ធ​បទល្មើស ព្រហ្មទណ្ឌ​១០០​ករណី អត់​ខ្លួន​២១៤​នាក់ ស្រី​១៤​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​រាជធានី​ភ្នំពេញ និង​ករណី​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ២៤៧​ករណី ឃាត់ខ្លួន​មនុស្ស​៣០៧​នាក់ ស្រី​១១​នាក់ បាន​អនុវត្តន៍​វិធានការ​រដ្ឋបាល​ដោយ​ធ្វើ​កិច្ចសន្យា អប់រំ​បញ្ឈប់​សកម្មភាព​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១១៥៣​ករណី ប្រៀបធៀប នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បង្ក្រាបបាន​១០៩៦​ករណី កើនឡើង​៥៧​ករណី ឃាត់ខ្លួន​មនុស្ស ២០៧៨/២២៦៣​នាក់ ស្រី​១២៤​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​។ បង្ក្រាប​ល្បែងស៊ីសង​បាន​៤៤​ករណី ឃាត់ខ្លួន​មនុស្ស​១៩៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​រាជធានី​ភ្នំពេញ ក្នុង​ចំនួន​នេះ បាន​បញ្ជូនទៅ​សាលា​រាជធានី​ដំបូង រាជធានី​ភ្នំពេញ​ចំនួន​៣៤​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ ១៦២​នាក់​។ ការងារ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន បង្ក្រាបបាន​១៤​ករណី ឃាត់ខ្លួន​មនុស្ស​១៦​នាក់ ស្រី ២​នាក់ ជនបរទេស​ម្នាក់ ជនសង្ស័យ​និង​វត្ថុតាង​កសាង​សំណុំរឿង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោះលែង​ជនរងគ្រោះ​បាន​១៧​នាក់ បញ្ជូនទៅ​សង្គមកិច្ច​រាជធានី​៦​នាក់ និង​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ​១១​នាក់​។ សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០២០ នេះដែរ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតមានឡើង​ចំនួន​៨០៤​ករណី បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ ២០១៩ កើតមាន​៥៧១​លើ កើនឡើង​២៣៣​លើក ក្នុងនោះ​ស្លាប់ ១៥៩​នាក់​/១៧១​នាក់ របួស​៧២៥​នាក់​/៧៥១​នាក់ ខូចខាត​រថយន្ត​៧២០​គ្រឿង ។​

​ក្នុងឱកាស​នោះ ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​អនុវត្តន៍​នូវ​ការងារ ក្នុង​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បាន ល្អប្រសើរ​។ ឯកឧត្ដម ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​សមត្ថកិច្ច បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមទៀត ខណៈដែល​បទ ល្មើស​ចរាចរណ៍​នៅតែ​ជា​កង្វល់​មួយ​របស់​រាជធានី​ភ្នំពេញ​៕ ដោយ សួស សំរិត​