លោកស្រី ខាំ សុភាព អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី

AKP ក្រចេះ  ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

លោកស្រី ខាំ សុភាព អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយច្បាប់មួយចំនួន ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០។  

ពិធីផ្សព្វផ្សាយច្បាប់នេះ រៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះ ( គ.ខ.ប.ជ ) ខេត្តក្រចេះ ដែលត្រូវបានលើកមកពន្យល់ និងបកស្រាយច្បាប់ស្តីពីការជួញដូរមនុស្ស ច្បាប់ស្តីពីអំពើហឹង្សាក្នុងគ្រួសារ និងនីតិវិធីនៃការ ធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដោយមានការអញ្ជើញចូលរួម ពីអាជ្ញធរស្រុកចិត្របុរី សមាជិក សមាជិកាក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច ពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។

លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សខេត្តក្រចេះ បានបញ្ជាក់ថា កម្មវិធីផ្សព្វ ផ្សាយច្បាប់ថ្ងៃនេះ មានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ព្រោះវាជា គោលបំណង ក្នុងការកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ គោលដៅឱ្យ មានការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច លើកកម្លាំងពលកម្មកុមារ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

លោកស្រីអភិបាលរងខេត្តបានលើកឡើងថា ដោយសង្កេតឃើញថា ប្រជាពលរដ្ឋសព្វថ្ងៃធ្វើការចំណាកស្រុកច្រើន ដោយមិនស្របច្បាប់តាមរយៈមេខ្យល់ ធ្វើឱ្យបងប្អូនពិបាកក្នុងការឆ្លង ដែននិងរកទីកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅជាដើម។  ដូច្នេះប្រសិនបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស គឺត្រូវទៅដោយស្រប ច្បាប់ រកក្រុមហ៊ុន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាស្របច្បាប់និងមានសុវត្ថិភាព។

លោក ស្រី ខាំ សុភាព ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពល រដ្ឋត្រូវចេះពិចារណាឱ្យបាន ត្រឹមត្រូវមុន និងសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារនៅក្រៅស្រុកឬក្រៅប្រទេស និងត្រូវមានការផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ និងសូមបងប្អូនត្រូវ បន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យ បានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺ Covid-19 នៅក្នុងមូលដ្ឋានរបស់ខ្លួននិងត្រូវបន្តចូលរួមរិតបន្តឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ និងបន្តចូលរួមទប់ស្កាត់ រាល់បទល្មើសគ្រប់រូបភាព ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

ដោយ ជួន សុជាតិ