ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ច ប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់ខ្លួន ក្រោមវត្តមានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរង ខេត្តថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ដើម្បី ឱ្យខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍប្រកបដោយចីរភាពនោះ ក្នុងនាមទាំងអស់គ្នា ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

ជាមួយនោះឯកឧត្តមក៏បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានផ្តោត ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយ បញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមកនេះឱ្យទទួលបានលទ្ធផលល្អ។ ពិសេសបានបង្កើន ពង្រឹងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមការរួមគ្នា អនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យបានល្អប្រសើរ និងជំរុញល្បឿនការអភិវឌ្ឍខេត្ត ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់នោះ។

ឯកឧត្តម ខេង ស៊ុម ក៏បានក្រើនរម្លឹកដោយជំរុញដល់មន្រ្តីរាជការ បណ្តាមន្ទីរអង្គភាពជំនាញអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំបន្តបំពេញការងារ ជំនាញរបស់ខ្លួន ឱ្យបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឱ្យបានលឿន និងត្រឹមត្រូវច្បាស់លាស់។

ក្នុងឱកាសនោះដែរ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ប្រធានអនុប្រធានមន្ទីរអង្គភាពពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តី សុខសាន្តគ្រប់ពេលវេលា នោះ៕

ដោយ ឈុនសារ៉ាត