ខេត្តសៀមរាប និងព្រៃវែង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ក្រុមខេត្តត្បូងឃ្មុំ និងក្រុមខេត្តកែប បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ ក្រោយទម្លាក់ គូប្រកួតរៀងៗខ្លួន នៅវគ្គ៨ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

ខេត្តត្បូងឃ្មុំ ដែលជាក្រុមជើងឯកថ្នាក់ខេត្ត ២០១៩ បានរក្សាលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុមខេត្តកំពង់ស្ពឺ នៅជើងទី២ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីជើងទី១ សប្តាហ៍មុន ឈ្នះ២ទល់០ សរុបទាំងពីរជើង ៣ទល់១។ ចំពោះខេត្តកែប យកឈ្នះខេត្តកំពង់ ឆ្នាំង ២ទល់១ ហើយសរុបទាំងពីរជើង ខេត្តកែបយកឈ្នះ ៦ទល់៤។ ដូច្នេះក្រុមខេត្តត្បូងឃ្មុំ និងខេត្តកែប ដឹកដៃគ្នាទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ២ក្រុមផ្សេងទៀត គឺខេត្តសៀមរាប និងខេត្តព្រៃវែង ក្រោយពីក្រុមទាំងពីរនេះបានទម្លាក់គូប្រកួតរៀងៗខ្លួន ដូចគ្នាផងដែរ នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ។

យោងតាមការកំណត់របស់គណៈកម្មការរៀបចំការប្រកួតបញ្ជាក់ថា ៤ក្រុមចុង ក្រោយនេះ ដែលឆ្លងកាត់ការប្រកួតថ្នាក់ខេត្ត នឹងត្រូវឡើងទៅប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជាមួយនឹង១២ក្រុម នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ នាពេលខាងមុខ ក្រោយពីបញ្ចប់ជាស្ថាពរនៃការប្រកួតថ្នាក់ខេត្ត៕

ដោយ ហេង ណាលីន