FFC ដាក់ពិន័យកីឡាករភ្នំពេញក្រោន៤ប្រកួត និងព្រមានគ្រូបង្គោលវិសាខា

AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០

ប្រធានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC លោក អេង ពៅទិត្យ បានចេញលិខិតផ្លូវការដោយបានដាក់ពិន័យកីឡាករ Paulo Victor Costa Saores នៃក្លិបភ្នំពេញក្រោន ព្យួរមិនឱ្យចូលរួមប្រកួតចំនួន៤ប្រកួត ក្នុងក្របខ័ណ្ឌលីគកំពូល ខណៈគ្រូបង្គោលក្លិបវិសាខា លោក Curtis Culum Reraad ត្រូវព្រមានមិនឱ្យបញ្ចេញ ទង្វើយកដបទឹកសុទ្ធបោកនឹងក្តាខៀន នៅតំបន់បច្ចេកទេស ដែលមិនពេញចិត្តនឹងការសម្រេចរបស់អាជ្ញាកណ្តាល។ សេចក្តីសម្រេចការដាក់ពិន័យនេះបានធ្វើឡើង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំពីគណៈកម្មការវិន័យកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

លិខិតចំនួនពីរត្រូវបានចេញកាលពីម្សិលមិញ ដោយលិខិតទី១សម្រេចព្យួរកីឡាករភ្នំពេញក្រោន៤ប្រកួត ពីបទជេរប្រមាថមន្ត្រីដឹកនាំការប្រកួត។ សាមី ខ្លួន ដែលជាប់ពិន័យនេះអាចប្តឹងទៅគណៈកម្មការឧទ្ធរណ៍ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល៥ថ្ងៃ។ រីឯគ្រូបង្គោលវិសាខា Curtis Culum Reraad ក៏ត្រូវបានព្រមានមិនឱ្យមាន សកម្មភាពប្រាសចាកនឹងក្រមវិន័យ ដោយត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ។ ការដាក់ពិន័យទាំងពីរនេះ គឺនៅក្នុងពេលដែលក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនប្រកួតជាមួយក្រុមវិសាខា សម្រាប់ជំនួបសប្តាហ៍ទី៦ ចុងសប្តាហ៍កន្លងទៅនេះ ដោយរក្សាលទ្ធផលស្មើគ្នា ២ទល់២៕

ដោយ ហេង ណាលីន