ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនអេនើជី អប្សរា ចូលជួបពិភាក្សា លើគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធីអប់រំនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យតំណាង ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ចូលជួបពិភាក្សាលើគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធី អប់រំដោយខ្លួនឯងនៅក្នុងស្រុកចំនួនពីរនៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ

តំណាងក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើការជាមួយក្រុម ពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រីលើគម្រោងពង្រឹង សហគ្រិនស្ត្រី និងសាលារៀនចំនួន ៤ ក្នុងស្រុកចំនួន២ នៃខេត្តព្រះសីហនុ គឺស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ គ្របដណ្តប់លើ ឃុំចំនួន៨ ដូចជា ឃុំអូរត្រេះ ឃុំទំនប់រលក កំពេញ កែវផុស ស្រុកស្ទឹងហាវ ឃុំទួលទទឹង ឃុំព្រៃនប់ ឃុំអូរឧកញ៉ាហេង នៃស្រុកព្រៃនប់ និងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។ គម្រោងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ចំនួនជាង ៤៧០គ្រួសារ និង ផ្ដល់ប្រយោជន៍មិនផ្ទាល់ ក្នុងសហគមន៍ចំនួនជាង ២,៣៥០នាក់ ក្នុងគោលដៅផ្ដល់សិទ្ធិជា ម្ចាស់ផ្តល់ភាពអង់អាច ដល់ស្ត្រីដែលមានប្រាក់ចំណូលទាបនៅក្នុងខេត្តព្រះសីហនុ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចរបស់ពួកគេ ក្នុងការទទួលបានហិរញ្ញប្បទាន និងជាវេទិកាមួយសម្រាប់ភ្ជាប់បណ្ដាញការងារ និងការរៀន សូត្រពីគ្នាទៅវិញទៅមក ហើយក៏ជាឱកាសអំណោយផលសម្រាប់ធ្វើអាជីវកម្មគាំទ្រដល់ការ អភិវឌ្ឍដល់ក្រុមពង្រឹង សិទ្ធិជាម្ចាស់ដល់ស្ត្រី បង្កើនភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ គាំទ្រ និងបង្ហាត់បង្ហាញដល់ក្រុមពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រី។ ក្រុមហ៊ុន គ្រីសអេនើជី  ក្រៅពី ការជួយដល់វិស័យអប់រំដល់សាលា៤ ក្នុងស្រុកចំនួន២មានដូចជា បណ្ណាល័យ ការបង្រៀនភាសា អង់គ្លេស មានអាហារូបករណ៍ ដល់សិស្សក្រីក្រ និងបង្កើតកម្មវិធីផ្តល់រង្វាន់ ដល់សិស្សពូកែថែមទៀតផង ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ដែលបានជួយដល់កម្មវិធីគម្រោងពង្រឹង សហគ្រិនស្ត្រី និងកម្មវិធីអប់រំក្នុង ស្រុកចំនួន២ នៃខេត្តព្រះសីហនុ ទន្ទឹមនោះ ក៏បានស្នើសុំឱ្យក្រុមហ៊ុនចាប់អារម្មណ៍ជួយ ដល់គ្រួសារទុរគតជននៅក្នុងខេត្តព្រះសីហនុ ដែលគ្រួសារពួកគាត់គ្នានលទ្ធភាព ព្រមទាំងជួយជំរុញពួកគាត់នូវមុខរបរចិញ្ចឹមជីវិត ថ្វីត្បិតតែគោលនយោបាយរបស់រាជ រដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជួយដល់គ្រួសារក្រីក្ររងផលប៉ះពាល់នឹងជំងឺ Covid-19 តែកម្មវិធីបញ្ចេញសាច់ប្រាក់ជួយគ្រួសារក្រីក្រមានរយៈពេលខ្លី ដូច្នេះគ្រួសារពួកគាត់ ត្រូវការជំនួយពីក្រុមហ៊ុន ឬវិស័យឯកជនបន្តទៀត ដើម្បីឱ្យពួកគាត់មានជីវភាពកាន់ តែល្អប្រសើរឡើងនាពេលខាងមុខ៕

ដោយ ងូ សុមុនី